ខេត្តរតនគិរី ៖ គ្រួសារសពក្មេងប្រុសស្រីលង់ទឹកអូរស្លាប់ចំនួន ២នាក់ខណៈដែលតាមឪពុកទៅផ្លាស់គោ នៅភូមិ តេនង៉ល ឃុំ យ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃត្រង់នាថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ នោះបានទទួលថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ភារមួយចំនួនចូលរួមរំលែកទុក្ខសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។
សម្ភារ និងថវិកា ដែលបានចូលរួមជាមួយគ្រួសារសពនោះបានផ្តល់ជូននៅរសៀលថ្ងៃ ចន្ទ ទី ២២ ខែ ឧសភា ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖
-ថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៥ លានរៀល ក្នុង១សព
-សាខាខេត្ត ៖ អង្ករ ៥០ គីឡូក្រាម ទឹកក្រូច ១ កេស ទឹកពិសា ១ កេស ក្នុង១សព
-អនុសាខាស្រុកអូរយ៉ាដាវ ៖ ថវិកាចំនួន ១០ ម៉ឺន រៀល និង អង្ករ២៥គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ក្នុង ១សព។
សម្ភារ និងថវិកានេះតាមរយៈគណៈប្រតិភូ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដឹកនាំដោយ លោកស្រី ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខា តំណាង លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី។
សពកុមាររងគ្រោះដែលលង់ទឹកអូរនោះ ទី១- ឈ្មោះ រម៉ាស់ ទិញ ភេទប្រុស អាយុ ៧ ឆ្នាំនិង ទី២- ឈ្មោះ រម៉ាស់ ណិញ ភេទស្រី អាយុ ៩ ឆ្នាំ ជាជនជាដើមភាគតិច ចារ៉ាយ ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រី ញាន ទិត្យចិន្តា បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ដែលមានខ្លឹមសារថា «ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពដ៏សែនរន្ធត់ នៃកុមារទាំង២ នាក់ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធកុមារទាំង២នាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះលោកស្រី ក៏បានផ្តាំផ្ញើបន្ថែមថា សូមបងប្អូនដែលមានកូនតូចៗ សូមមានការប្រុងប្រយ័ត្នចំពោះកូនចៅ កុំឲ្យទៅលេងទឹកស្រះ ឬត្រពាំង ក្រែងមានករណីលង់ទឹកដូចជាពេលនេះ ដែលបន្សល់នៅការសោកស្តាយ និងក្តីឈឹចាប់ដោយសារការបាត់បង់សមាជិកក្នុងគ្រួសារជាទីស្រលាញ់របស់យើង៕
ដោយ ៖ ជីវ័ន្ត