ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជា បង្ហាញពីសមិទ្ធផលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០នៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”អញ្ជើញសម្ពោធ ពីសម្តេចតេជោ !

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ របស់ខ្លួនថា : សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងពិព័រណ៌ស្តីពីសមិទ្ធផលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០នៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បញ្ជាក់ថា : នាព្រឹកថ្ងៃទី២២ខែឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិព័រណ៌ស្តីពីសមិទ្ធផលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០នៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”។ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច, លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,  នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងបុគ្គលិកនៃតំបន់សេដ្ឋកិច្ចពិសេសសរុបប្រហែល៣០០០០រូបបានចូលរួមក្នុងកម្មវិធីខាងលើ។

 លោកឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏សំខាន់និងពិសេសសម្រាប់ចិននិងកម្ពុជា។ ជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងគោរពគ្នាទៅវិញទៅមក សមភាពគ្នា ការពារយ៉ាងរឹងមាំនូវផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវយុត្តិធម៌សច្ចធម៌អន្តរជាតិ ក្លាយជាគំរូនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសនិងប្រទេស។ ឆ្នាំនេះគឺជាខួបលើកទី១០នៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ការកសាងរួមគ្នាប្រកបដោយគុណភាពខ្ពស់នៃ”ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងកម្ពុជា មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសកម្មលើសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់។ ឆ្នាំនេះគឺជាឆ្នាំមិត្តភាពចិន-កម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីចិន Xi Jinping បានរួមគ្នាប្រកាសបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា ហើយបានឯកភាពគ្នាក្នុងការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។ ឆ្នាំនេះគឺជាឆ្នាំបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ជឿជាក់ថាកម្ពុជាឱ្យតែប្រកាន់ខ្ជាប់នូវការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជន នោះជីវិតរបស់ប្រជាជនកម្ពុជានឹងកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបន្តទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ហើយសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសនឹងចាប់យកឱកាសកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី ខិតខំបង្កើតទម្រង់២.០នៃតំបន់សេដ្ឋកិច្ចពិសេស រួមគ្នាបង្កើតស្ថានភាពថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិន-កម្ពុជា។

 សម្ដេចតេជោមានប្រសាសន៍ថា ចាប់តាំងពីគំនិត“ខ្សែក្រវាត់និងផ្លូវ”ត្រូវបានផ្តួចផ្តើមឡើងកាលពី១០ឆ្នាំមុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន១៧៥បានចូលតាំងទីតាំង បានផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជិត៣ម៉ឺនកន្លែង ជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុនិងកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏សំខាន់នៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលរួមគ្នាកសាងដោយប្រទេសទាំងពីរ។ គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” បាននាំមកនូវផលប្រយោជន៍ជាច្រើនជូនដល់ប្រទេសកម្ពុជា និងសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបអនុស្សាវរីយ៍លើកទី១០នៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ក៏ដូចជាសមិទ្ធផលផ្លែផ្កាដែលទទួលបាន។ ឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរចាប់យកឱកាស ជំរុញកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិនក្នុងយុគសម័យថ្មីក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រទាំង៦។ ក្នុងសុន្ទរកថារបស់សម្ដេចតេជោបានសម្តែងការយកចិត្តទុកដាក់និងសួរសុខទុក្ខបុគ្គលិកក្នុងតំបន់សេដ្ឋកិច្ចពិសេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកឯកអគ្គរដ្ឋទូតចិន បានអញ្ជើញទស្សនាការតាំងពិព័រណ៍ស្តីពីសមិទ្ធផលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការក្រុមហ៊ុនផលិតសំបកកង់ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក។

ក្រសួងពាណិជ្ជកម្មចិននិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាស្ថាប័នដឹកនាំគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរវាងចិន និងកម្ពុជា បានផ្ញើលិខិតទៅវិញទៅមក ដោយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ” និងបង្ហាញថានឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍តំបន់ពិសេស៕

ដោយ ៖ សិលា


ចែករំលែក៖