ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានចេញសារប្រតិកម្មទាក់ទិនទៅនឹងមានជនមួយក្រុមបានព្យាយាមបង្ខូចកិត្តិយស លាបពណ៌ថានាងគឺជាតារាចម្រៀងដែលប្រកាន់ខ្លួន មានជំងឺតួឯក។ ដំណឹងនេះបានក្លាយជាការចាប់អារម្មណ៍ក្រោយពីកន្លងទៅនាងធ្លាប់លើកឡើងពីក្រុមអ្នកផលិតកម្មវិធីខ្លះព្យាយាមមិនផ្តល់ឱកាសច្រៀងសម្រាប់នាងក្នុងព្រឹត្តិការណ៍ធំៗថ្នាក់ជាតិនោះ។
បង្កើតឱ្យមានការចាប់អារម្មណ៍ជាថ្មីទៀតហើយបន្ទាប់ពីតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារថ្មី និងតបតទៅកាន់ស្រ្តីម្នាក់ដែលបានលើកឡើងថា អ្នកនាងមានជំងឺតួឯកនោះ។ ភ្ជាប់ដោយការតបទៅកាន់ស្ត្រីនោះនាងក៏បានបង្ហើបអំពីចេតនារបស់មនុស្សមួយក្រុមដែលបាននិងកំពុងសម្អុយកេរ្តិ៍ឈ្មោះអ្នកនាងផងដែរ។ ការបញ្ចេញសារនិងការតបតនេះធ្វើឡើងបន្ទាប់ពីវីដេអូនៃការច្រៀងរាំរបស់អ្នកនាង និងកូនស្រី រួមជាមួយសិល្បករមួយចំនួនបានបង្ហាញមុខក្នុងឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។ មានការចែករំលែកជាច្រើនហូរហែអំពីបទចម្រៀងដែលត្រូវបានកាត់ចេញពីការLive ផ្ទាល់ក្នុងព្រឹត្តិការណ៍ខាងលើក្នុងនោះមានការបញ្ចេញយោបល់ស្រលាញ់ចូលចិត្ត និងគាំទ្រអ្នកនាងនិងកូនស្រី ផ្អែមជាច្រើន ក្នុងនោះក៏មានស្ត្រីម្នាក់បានបញ្ចេញយោបល់បែបចាក់ដោតថា”កូនស្រីមានទេពកោសល្យតែបើម្តាយមិនព្រមព្យាបាលជំងឺតួឯកទេធ្លាក់ទឹកទាំងម្តាយទាំងកូន”។ ការបញ្ចេញយោបល់បែបឈឺៗនេះត្រូវបានអ្នកនាងម៉េង កែវពេជ្ជតា បានតបទៅវិញថា ជារឿងលើសហើយ ត្រង់ណាដែលថាជំងឺតួឯក ។ អ្នកនាងសួរវិញថា”យកអីមកគិត ស្គាល់ខ្ញុំពីកាលណាទើបវាយតម្លៃខ្ញុំបែបនេះ? ចុះបើនរណាម្នាក់ហៅអ្នកឯងទៅណែនាំថា បើអ្នកឯងមិនចង់ជាប់គុករលាយរលត់ អស់ទ្រព្យនិងកេរ្តិ៍ឈ្មោះលំបាកដល់កូនចៅគ្រួសារមួយពូជ សូមឈប់ធ្វើចោរទៅ ឈប់ជួញដូរផ្លូវភេទទៅ ឈប់ជួញដូរគ្រឿងញៀនទៅ តើទទួលយកទេបើគេថាអញ្ចឹង? បើទទួលបានៗន័យថាជាចោរ ជាអ្នកជួញដូរស្រីពេស្យា ជាជនជួញដូរគ្រឿងញៀនមែន អញ្ចឹងអ្នកឯងសមមុខទទួលយកហើយ។ មើលទៅអ្នកឯងអត់យល់ន័យនៃពាក្យថាជំងឺតួឯកនេះទេ។ ខ្ញុំជឿថាការណ៍ដែលអ្នកឯងមកសរសេរមកនេះបើមិនដោយសារការយល់ច្រឡំ ឬចេះតែហៃអើតាមគ្នាទេ គឺចេញពីការច្រណែនឈ្នានីសដែលមានក្នុងចិត្តអ្នកឯងហ្នឹងហើយ ហើយអ្នកនាងក៏បានស្នើឱ្យស្ត្រីខាងលើធ្វើការពន្យល់អ្វីទៅដែលហៅថាជំងឺតួឯកនោះ”។ ក្រៅពីការតបតទៅកាន់ស្ត្រីខាងលើ ក្នុងនោះមុននេះអ្នកនាងក៏បានទាំងបញ្ចេញសារថ្មីអំពីចេតនារបស់មនុស្សមួយក្រុមដែលបានព្យាយាមបង្ខូចកិត្តិយសអ្នកនាង។ អ្នកនាងថា៖ មួយរយៈនេះដូចឮល្ហៀងៗមកថា មានជនអត់ការងារធ្វើមួយក្រុមបានពង្រាយគ្នាដើរ លាបពណ៌ខ្ញុំក្នុងបំណងបំពុលចិត្តមនុស្សល្អៗដែលស្រលាញ់ខ្ញុំអោយគេយល់ច្រលំនិងខឹងខ្ញុំ ។ ពួកគេបានប្រើពាក្យចោទខ្ញុំជាច្រើន និងដូចៗគ្នាថា ” ខ្ញុំជាតារាចរិតតួឯក ” ។ អ្នកនាងប្រដូចទៅនឹងស្លឹកឈើខ្ជិលបក់ ក៏ខ្យល់ចង្រៃនេះវាអត់ខ្ជិលបោកដែរ វាបោកអត់ហត់ អត់ស្គាល់បាបបុណ្យ អត់ស្គាល់នរកកម្មអ្វីសោះតែម្តង អីក៏ងងឹតងងុលយ៉ាងនេះ ! ហេតុអីក៏យកកម្មជាមួយខ្ញុំគ្រួសារខ្ញុំម្ល៉េះ ? ម៉េចចង់បំបាត់ពូជខ្ញុំតែម្តងមែនទេ ? ឬក៏មកពីខ្ញុំនៅតែល្បី នៅតែខ្លាំងរហូតធ្វេីអោយពួកគេច្រណែនពេកឡើងឆ្កួត ? !
ទោះជាយ៉ាងណាគេនៅមិនទាន់បានដឹងនៅឡើយទេថាតើអ្នកដែលព្យាយាមបំបិទ និងពោលពាក្យមិនល្អទៅកាន់តារាចម្រៀងរូបនេះគឺជាអ្នកណានៅឡើយដែរ៕
ដោយ ៖ វឌ្ឍនា