ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះ ! នៅលើបណ្ដាញទំនាក់ទំនងសង្គម facebook បានបង្ហោះព្រោងព្រាត ពីសកម្មភាពរបស់កុមារាតូចម្នាក់ អាយុប្រមាណជា ៥ឆ្នាំ មានទេពកោសល្យ រាំ ក្បាច់ ស្នាដៃល្ខោនខោលខ្មែរ ជាមួយកាយវិការដ៏រស់រវើក សំដែងឱ្យលោកតាលោកយាយ បងប្អូនពូមីង អ្នកស្រុកភូមិ មើលហើយញញឹមញញ៉ែម ពិតជាមិនជិនណាយ ក្នុងការចោលក្រសែភ្នែកមើល រាល់សកម្មភាពរបស់កុមារារូបនេះចេញក្បាច់ ល្ខោនខោលខ្មែរ ស្ទើរតែពុំនឹកស្មានដល់ថា កុមាររូបនេះធ្វើបាន ហើយក៏ចាត់ទុកថា ( ទំពាំងស្នងឬស្សីស្នាដៃល្ខោនខោលខ្មែរ ) ។
តាមរយៈវីដេអូ គេពុំបានបញ្ជាក់អំពីទីតាំង កុមារារូបនេះ បានរាំក្បាច់ ល្ខោនខោលខ្មែរ នៅចំណុច ភូមិ ឃុំ ស្រុក ខេត្តណាពិតប្រាកដនៅឡើយទេ។ សូម្បីតែឈ្មោះកុមាររូបនេះក៏គេពុំទាន់បានឃើញមានបង្ហោះបញ្ជាក់ជូននៅឡើយ។ ប៉ុន្តែអ្នកដែលបានមើលតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រាកដណាស់ថា , ឱ្យតម្លៃកុមាររូបនេះ ថាមានទេពកោសល្យ មានឧបនិស្ស័យផ្នែក ល្ខោនខោលខ្មែរ ។
សូមបញ្ជាក់ថា, «ល្ខោនខោលរបស់កម្ពុជា បានបញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិរបស់យូណេស្កូ»។ ហើយនេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស តាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។
ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។
បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិយើង បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិព្រមទាំងជាតួអង្គមួយលេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅម៉ោង១០យប់ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទូទាំងប្រទេសកម្ពុជា កន្លងទៅទៀតផង ៕
ដោយ ៖ សិលា