ភ្នំពេញ ៖ កម្ពុជា ក្នុងដំណាក់កាលពីរដែលមានស្ថានភាពខុសគ្នាដាច់ស្រឡះ តែមេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែស្ថិតក្នុងស្ថានភាពមិនខុសគ្នា ។ នេះជា ប្រសាសន៍ លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
លោករដ្ឋលេខាធិការ បានលើកឡើងថា ៖
– ដំណាក់កាលទី១ ៖ ក្រោយឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ដៃម្ខាងខំទប់ស្កាត់ ការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដៃម្ខាងខំកសាងប្រទេសពីគំនរផេះផង់ដែលប្រទេសកំពុងតែត្រូវស្ថិតក្នុងការហ៊ំព័ទ្ធសេដ្ឋកិច្ចពីលោកខាងលិចថែមទៀតផង ។
– ដំណាក់កាលទី២ ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កម្ពុជាបានឈានមកដល់ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងក្រោយប្រទេសមានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន កាលនេះ សម្តេចនៅតែប្រើដៃទាំងសងខាងរបស់លោកដដែលគឺដៃម្ខាងខំការពារសន្តិភាព និងអធិបតេយ្យជាតិ ឯដៃម្ខាងទៀតខំអភិវឌ្ឍប្រទេស ។
លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានបញ្ជាក់ថា , ជាសច្ចភាព សន្តិភាពនៅកម្ពុជាពិតជាមានភាពផុយស្រួយណាស់ ព្រោះនៅមានអ្នកព្យាយាមតាមបំផ្លាញគ្រប់មធ្យោបាយ ។ ជាមួយគ្នានេះអធិបតេយ្យកម្ពុជាក៏ស្ថិតនៅក្នុងការគម្រាមកំហែងជ្រៀតជ្រែកពីខាងក្រៅគ្រប់ពេលវេលាក្រោមរូបភាពពីរដែលជាលេសនៃការចោទប្រកាន់គឺ《 សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ》ក្នុងពេលដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានផ្តល់នូវសិទ្ធិរស់រានមានជីវិតចំពោះប្រជាជនតាំងពីឆ្នាំ១៩៧៩មក ,ផ្តល់សិទ្ធិជាមូលដ្ឋានគ្រប់យ៉ាង ,សិទ្ធិសេរីភាពលើជំនឿសាសនា សិទ្ធិនយោបាយ ។ល។ ឯប្រជាធិបតេយ្យនៅកម្ពុជាគឺបានដំណើរការដោយរលូនចាប់តាំងពីឆ្នាំ១៩៩៣មក ដោយមានការបោះឆ្នោតរៀងរាល់ប្រាំឆ្នាំម្តងតាមច្បាប់កំណត់ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតយ៉ាងច្រើនលើសពីដប់គណបក្សនយោបាយ ឯប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោតសំខាន់បានទៅបោះឆ្នោតយ៉ាងច្រើនលើសពីជាងប៉ែតសិបភាគរយរៀងរាល់អាណត្តិ ។ រីឯនីតិវិធីនៃការបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្របតាមច្បាប់ត្រឹមត្រូវ មានយុត្តិធម៌ តម្លាភាព និងទទួលយកបាន ។ ប៉ុន្តែកត្តាទាំងអស់ដែលបាន និងកំពុងប្រព្រឹត្តទៅដោយត្រឹមត្រូវនេះ មិនត្រូវបានគេមើលឃើញនិងនិយាយចំទេ ផ្ទុយទៅវិញគឺមានតែបង្កើតបញ្ហាដែលជាលេសមិនចេះចប់ដើម្បីចោទកម្ពុជា ។
លោកបន្តថា, ផ្តើមចេញពីភាពច្រំដែល និងប្រកបដោយគ្រោះថ្នាក់នេះហើយ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មិនញញើតមិនចុះញ៉មចំពោះការបង្គាប់បញ្ជាពីបរទេសដែលមានចរិតជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាជាដាច់ខាត ! អ្វីដែលសម្តេចត្រូវតែធ្វើឱ្យខាងតែបានគឺ ការពារសន្តិភាព ការពារអធិបតេយ្យជាតិ ។
លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន សូមនៅជាមួយសម្តេចតេជោ ហ៊ុន សែន នៅជាមួយគណបក្សប្រជាជនកម្ពុជា ជាដរាបដើម្បីការពារសន្តិភាព អធិបតេយ្យជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព ៕
ដោយ ៖ សិលា