ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបបន្តបញ្ជូនគ្រាប់កាំភ្លើងធំ ២២០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែនដើម្បីតទល់ជាមួយរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បាននិយាយថា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្ដល់គ្រាប់កាំភ្លើងធំ ២២០,០០០គ្រាប់ សម្រាប់អ៊ុយក្រែន នៅក្រោមគម្រោងជាប្រវត្តិសាស្ត្រមួយដែលត្រូវបានដាក់ចេញកាលពីជាង២ខែមុន សំដៅបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដើម្បីជួយទីក្រុងកៀវ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។
បើតាមលោក Josep Borrell បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏បានផ្ដល់មីស៊ីល ១,៣០០គ្រាប់ដល់អ៊ុយក្រែនផងដែរ នៅក្រោមគម្រោងខាងលើ ហើយមានគោលដៅសម្រេចឱ្យបាននូវការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១លានគ្រាប់សម្រាប់អ៊ុយក្រែន។ លោក Borrell បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះយ៉ាងខ្លីដូច្នេះថា «នៅប៉ុន្មានថ្ងៃ ប៉ុន្មានសប្ដាហ៍ និងប៉ុន្មានខែខាងមុខ គឺជាពេលវេលាដ៏សំខាន់ក្នុងសង្រ្គាមនៅអ៊ុយក្រែន»។
សហភាពអឺរ៉ុប កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាលើគម្រោងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំឬគ្រាប់រំសេវឱ្យអ៊ុយក្រែន ក្រោយពីមានការព្រមានថា ទីក្រុងកៀវកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវធ្ងន់ធ្ងរ ដែលខ្លួនត្រូវការជាចាំបាច់ដើម្បីទប់ទប់នឹងទាហានរុស្ស៉ី៕

ដោយ៖ ធីរីណា(រូបថត៖ NYT)


ចែករំលែក៖