ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តចូលក្នុងរបងសេតវិមានត្រូវចោទប្រកាន់ពីបទគំរាមលោក Biden

ចែករំលែក៖

យុវជនម្នាក់ដែលបានបើកឡានបុករបងសន្តិសុខនៅជិតសេតវិមានកាលពីយប់ថ្ងៃចន្ទត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងប្រធានាធិបតីអាមេរិក Joe Biden បន្ទាប់ពីអាជ្ញាធរបាននិយាយថាវាជាការប៉ះទង្គិចដោយចេតនា។
រូបភាពនេះថែមទាំងបង្ហាញទង់ជាតិដែលមាននិមិត្តសញ្ញា Nazi លេចឡើងជាមួយឡានដឹកទំនិញនៅពេលឧប្បត្តិហេតុបានកើតឡើង។ រថយន្តនេះបានបុករបាំងនៅ Lafayette Square ដែលជាតំបន់មួយក្នុងសេតវិមាន។
អ្នកបើកបរត្រូវបានគេស្គាល់ថាឈ្មោះ Sai Varshith Kandula អាយុ 19 ឆ្នាំរស់នៅ Chesterfield រដ្ឋ Missouri ត្រូវបានឃុំខ្លួនដោយកម្លាំងប៉ូលិសសម្ងាត់សហរដ្ឋអាមេរិក។ ប៉ូលិស Park នៅសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុវជនរូបនេះប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន រួមទាំងការគំរាមកំហែងសម្លាប់ ចាប់ពង្រត់ ឬធ្វើបាបប្រធានាធិបតី និងអនុប្រធានាធិបតី។
យោងតាមសារព័ត៌មាន ABC News ដោយដកស្រង់ប្រភពនៃការអនុវត្តច្បាប់ដែលមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា លោក Kandula បានប្រាប់អ្នកស៊ើបអង្កេតថា គាត់ចង់កាន់កាប់រដ្ឋាភិបាលនិងសម្លាប់ប្រធានាធិបតី។ អាជ្ញាធរកំពុងពិនិត្យសុខភាពផ្លូវចិត្តរបស់ជនសង្ស័យ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទីលាន Lafayette គឺជាកន្លែងនៃការតវ៉ានយោបាយជាញឹកញាប់។ វាត្រូវបានបិទនៅក្នុងខែឧសភា ឆ្នាំ 2020 ដោយរបងបរិវេណដែលបានដំឡើងបន្ទាប់ពីការតវ៉ា Black Lives Matter ។ ក្រោយមក របងត្រូវបានរុះរើចេញ ប៉ុន្តែរបាំងដែលរារាំងចរាចរណ៍ពីផ្លូវជិតខាងនៅតែមាន។
សន្តិសុខជុំវិញសេតវិមាន និងអគាររដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀតត្រូវបានពង្រឹង បន្ទាប់ពីមានការរំលោភបំពាន និងឧប្បត្តិហេតុផ្សេងទៀត រួមទាំងកុបកម្មកាលពីថ្ងៃទី 6 ខែមករា ឆ្នាំ 2021 នៅវិមានកាពីតូល។ នៅក្នុងឧបទ្ទវហេតុមួយទៀតនៅឆ្នាំ 2021 រថយន្តបានបុកមន្ត្រីប៉ូលិសក្រុង 2 នាក់ដោយសម្លាប់មនុស្សម្នាក់ ចំណែកអ្នកបើកបរត្រូវប៉ូលិសបាញ់សម្លាប់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Reuters)


ចែករំលែក៖