ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាកណ្តាលកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ World Cup នៅកាតានឹងបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ

ចែករំលែក៖

UEFA បានប្រកាសថា អាជ្ញាកណ្តាលជនជាតិប៉ូឡូញលោក Szymon Marciniak ដែលទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីខែធ្នូ ក្នុងប្រទេសកាតានឹងទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅខែក្រោយរវាង Manchester City និង Inter Milan ។

លោក Marciniak វ័យ៤២ឆ្នាំបានក្លាយជាអាជ្ញាកណ្តាលប៉ូឡូញដំបូងគេដែលដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅពេលដែលគាត់ទទួលបន្ទុកក្នុងការទទួលជ័យជម្នះដោយបាល់ប៉េណាល់ទីរបស់អាហ្សង់ទីនលើបារាំងក្នុងទីក្រុងដូហា ហើយត្រូវបានកោតសរសើរចំពោះការកាត់សេចក្តីការប្រកួតរបស់គាត់។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី១០ ខែមិថុនា នឹងមានក្រុមមន្ត្រីនៅទីលានដូចគ្នាទៅនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដោយលោកMarciniak ត្រូវបានជួយដោយមន្ត្រីអាជ្ញាកណ្តាលជនរួមជាតិលោកPawel Sokolnicki និងលោក Tomasz Listkiewicz ម្តងទៀត។

លោក Marciniak ធ្លាប់ធ្វើជាអាជ្ញាកណ្តាលការប្រកួតក្របខ័ណ្ឌ Champions League ចំនួន៨លើកក្នុងរដូវកាលនេះ រួមទាំងការឈ្នះ ៤-០ របស់ Man City លើក្រុម Real Madrid ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ និងការស្មើដោយគ្មានគ្រាប់បាល់របស់ក្រុម Inter Milan នៅលើទឹកដីក្រុម Porto ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

លោក Marciniak នឹងទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់គាត់ ដោយលោកធ្លាប់បានបម្រើការជាមន្ត្រីទី៤នៅក្នុងការប្រកួតកាលពីឆ្នាំ២០១៨ នៅពេលដែល Real Madrid បានផ្តួលក្រុម Liverpool ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖