ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអូស្ត្រាលីភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញជនជាតិឥណ្ឌាជាង២ម៉ឺននាក់មកស្វាគមន៍នាយករដ្ឋមន្ត្រីរបស់ខ្លួន

ចែករំលែក៖

មានមនុស្សប្រមាណ២ម៉ឺននាក់ភាគច្រើនជាជនជាតិឥណ្ឌារស់នៅនិងធ្វើការនៅក្នុងប្រទេសអូស្ត្រាលី បានមកជួបជុំគ្នានៅក្នុងពហុកីឡដ្ឋាន Bank Arena (Sydney) ដើម្បីស្វាគមន៍នាយករដ្ឋមន្ត្រី Nảendra Modi។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បានជួបនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក្នុងទីក្រុងស៊ីដនីនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើអន្តោប្រវេសន៍ដើម្បីបង្កើនចំនួននិស្សិតឥណ្ឌា ក៏ដូចជាជំរុញការធ្វើដំណើរកម្សាន្តបែបអាជីវកម្មទៅកាន់ប្រទេសអូស្ត្រាលី។
បើតាមក្រុមមន្ត្រីឥណ្ឌា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីផលប៉ះពាល់នៃសង្រ្គាមរុស្ស៉ីជាមួយអ៊ុយក្រែនទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសផ្នែកសន្តិសុខស្បៀង និងប្រេងឥន្ធនៈ។ ពួកគេបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ លើការរុករករ៉ែសំខាន់ៗ ហើយនឹងធ្វើការឆ្ពោះដើម្បីទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ទូលំទូលាយមួយ។
បន្ទាប់ពីកិច្ចបញ្ចប់ប្រជុំទ្វេភាគី លោក អាល់បានីស បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងក៏បានពិភាក្សាអំពីការធ្វើពាណិជ្ជកម្ម ការធ្វើចំណាកស្រុក និងថាមពលកកើតឡើងវិញ ហើយប្រទេសទាំងពីរបានបង្កើតក្រុមការងារអុីដ្រូសែន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើថាមពលស្អាត»។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា កំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីជាលើកដំបូង គិតចាប់តាំងពីឆ្នាំ ២០១៤ ហើយមានរយៈពេលពីរខែបន្ទាប់ពីលោក អាល់បានីស ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖