ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានចិនឈ្មោះ BlockBeats ដែលភ្ជាប់ទៅកាន់ Twitter បានផ្សព្វផ្សាយថាមានបុគ្គលមួយចំនួនកំពុងប្រើប្រាស់ ឧបករណ៍ Orb ថតរូបកែវភ្នែក ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិក ដោយក្នុង ០១ នាក់ នឹងទទួលបានថវិការ ៣០ដុល្លារ ឬក្រោមនេះ ដើម្បីយកទៅបង្កើតគណនីក្នុងកម្មវិធី Worldcoin App ជាប្រភេទ Crypto Wallet ដែលប្រើប្រាស់រូបិយប័ណ្ណឌីជីថល Worldcoin (Cryptocurrency)។
តាមការស្រាវជ្រាវរបស់នាយកដ្ឋាន សូមបញ្ជាក់ថាសកម្មភាពក្នុងរូបថត ដែលភ្ជាប់ជាមួយអត្ថបទនោះ គឺកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី និងមានការចុះផ្សាយអំឡុងខែតុលា ឆ្នាំ២០២១ មកម្លេះមិនមែននៅក្នុងប្រទេសកម្ពុជានោះទេ។ បើសាធារណជនណាមាន ព័ត៌មានពាក់ព័ន្ធករណីនេះ សូមសហការផ្តល់ដំណឹងមកតាមរយៈ Page Facebook របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department)។
នាយកដ្ឋាន សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើ ព័ត៌មាន អត្តសញ្ញាណ គណនីបណ្តាញសង្គមរបស់ខ្លួន និងព័ត៌មានគណនីធនាគារ (កាត ATM) សូមកុំលក់ ឱ្យអ្នកដទៃខ្ចី គ្រប់គ្រង ឬប្រើប្រាស់ ជាមធ្យោបាយប្រព្រឹត្តនូវបទល្មើស ឬទទួលផលនៃបទល្មើសនានា ដែលនាំឱ្យម្ចាស់អត្តសញ្ញាណ ឬម្ចាស់គណនី ខាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។សូមអរគុណ!
ដោយ៖សហការី