សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសអ៉ីរ៉ង់បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ អ៉ីរ៉ង់បានធ្វើការសាកល្បងដោយជោគជ័យនូវមីស៉ីលបាលិស្ទីគមួយគ្រាប់ប្រភេទចម្ងាយ២,០០០គីឡូម៉ែត្រ បន្ទាប់ពីប៉ុន្មានថ្ងៃមុន ប្រមុខកងកម្លាំងប្រដាប់អាវុធប្រទេសអ៉ីស្រាអែល បានលើកឡើងអំពីលទ្ធភាពនៃការធ្វើសកម្មភាពប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ State TV បានចាក់ផ្សាយនូវអ្វីដែលខ្លួនអះអាងថា គឺជាឃ្លីបវីដេអូមីស៉ីលស៊េរីថ្មីជំនាន់ទី៤ នៃត្រកូលមីស៉ីលបាលិស្ទីគ កូរ៉ុមសា (Khorramshahr) របស់ខ្លួន ដែលអាចបាញ់បានចម្ងាយ២,០០០គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់បានមួយទម្ងន់ ១,៥០០គីឡូក្រាម។ ចំណែកទីភ្នាក់ងារព័ត៌មាន IRNA បាននិយាយថា មីស៉ីលបាលិស្ទីគនោះមានឈ្មោះថា ខៃបា (Khaibar)។ ដោយមានកម្មវិធីមីស៉ីលធំបំផុតមួយនៅតំបន់មជ្ឈិមបូព៌ា អ៉ីរ៉ង់បាននិយាយថា អាវុធរបស់ខ្លួនមានសមត្ថភាពហោះដល់អ៉ីស្រាអែល ព្រមទាំងមូលដ្ឋានយោធាអាមេរិក នៅក្នុងតំបន់។ ទោះមានការជំទាស់ពីទីក្រុងវ៉ាស៉ីនតោន និងក្រុមប្រទេសអឺរ៉ុបយ៉ាងណាក៏ដោយ ក៏ទីក្រុងតេហេរ៉ង់ធ្លាប់បានអះអាងថា នឹងបន្តប្រឹងប្រែងអភិវឌ្ឍកម្មវិធីមីស៉ីលរបស់ខ្លួនទៅមុខទៀត។
ប្រទេសអ៉ីស្រាអែលដែលមិនត្រូវបានអ៉ីរ៉ង់ទទួលស្គាល់ឡើយនោះ គឺចាត់ទុកអ៉ីរ៉ង់ជាការគំរាមកំហែងចំពោះអាទិភាពរបស់ខ្លួន ខណៈដែលអ៉ីរ៉ង់បានលើកឡើងថា មីស៉ីលបាលិស្ទីគរបស់ខ្លួន គឺជាវត្ថុសម្រាប់ទប់ស្កាត់និងវាយបកសងសឹកទៅវិញយ៉ាងសំខាន់ ប្រឆាំងនឹងអាមេរិក អ៉ីស្រាអែល ក៏ដូចជាគូសត្រូវដទៃទៀត ដែលអាចលេចមុខឡើងនៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេទ័ពកំពូលអ៉ីរ៉ង់ ទើបតែបានលើកឡើងពីលទ្ធភាពនៃការធ្វើសកម្មភាពប្រឆាំងអ៉ីរ៉ង់ ខណៈដែលកិច្ចប្រឹងប្រែងដោយមហាអំណាចពិភពលោកទាំង៦ ក្នុងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ បានបន្តជាប់គាំងចាប់តាំងពីខែកញ្ញា ឆ្នាំមុន ចំគ្រាដែលលោកខាងលិច មានក្តីបារម្ភកើនឡើងអំពីភាពរីកចម្រើននៃវិស័យនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធថា ខ្លួនពុំមានបំណងចង់ផលិតអាវុធនុយក្លេអ៊ែរឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters