ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកមនុស្ស ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលម៉ូតូពីរគ្រឿងបុកគ្នាចំពីមុខយ៉ាងពេញទំហឹង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤១ ចំណុចភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបាន និយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1W-2200 បើកបរដោយឈ្មោះ ឆឹង ចន្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤១ ក្នុងទិសដៅ ពីទិសខាងត្បូងទៅទិសខាងជើងលុះធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាកហុងដាសេ ១២៥ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1O-5158 បើកបរដោយឈ្មោះ វល្លិ ង៉ុក ភេទ ប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះ អ៊ុំ សិលា ភេទ ប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងពីរនាក់នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឱ្យស្លាប់២នាក់ នៅកន្លែងកើតហេតុភ្លាមៗតែម្តង និងរបួសធ្ងន់មនុស្សម្នាក់ទៀត។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា ក្រោយកើត ហេតុនគរបាលជំនាញចុះវាស់វែងនៅកន្លែងកើតហេតុ ដឹកយកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯសពជនរងគ្រោះទាំងពីរនាក់ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកវត្ថុតាងម៉ូតូទាំងពីរគ្រឿងនគរបាលយកទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងគ្រើល រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា