ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ បានចាក់សាំងដុតខ្លួនឯងផ្អើលទាំងយប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរជួយសង្គ្រោះទាំងយប់ខណៈដែលមានបុរសម្នាក់បានស្រែកហៅអោយគេជួយបន្ទាប់ពីបានធ្វើអត្តឃាត(ចាក់សាំងដុតខ្លួនឯង)សង្ស័យមានវិបត្តិក្នុងគ្រួសារ ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០ឈានចូល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង(វត្តតាឡុក) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសខាងលើមានឈ្មោះ ឡុង សាវរី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

    ប្រភពបន្តថា សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកថា នៅចំណុចផ្លូវបេតុង(វត្តតាឡុក) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃើញមានមនុស្សត្រូវភ្លើងឆេះកំពុងដេកស្រែកឱ្យគេជួយ។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ឃើញថា ជនរងគ្រោះកំពុងស្រែកហៅអោយគេជួយទើបសមត្ថកិច្ចប្រញាប់ប្រញាល់ជួយសង្គ្រោះដោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

    សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុដោយសារតែជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ ទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្ដង៕

ដោយ៖ សុថាន


ចែករំលែក៖