ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែង កាវីន ត្រូវ ជនឆបោកយករូបថត និងវីដេអូបោកនារីរងគ្រោះជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ៖ មិនមែនជារឿងថ្មីលើករណីនៃការបោកប្រាស់តាមបណ្តាញសង្គម ប៉ុន្តែនៅតែមានជនរងគ្រោះជាបន្តបន្ទាប់បានចាញ់បោកកលល្បិចលួងលោមរបស់ជនឆបោក បង់ប្រាក់មិនតិចឡើយ។ ជាក់ស្តែងករណីនៃការយករូបថត និងវីដេអូរបស់តារាសម្តែងស្រស់សង្ហា លោក កាវីននោះជាដើមរហូតមានអ្នកខ្លះបង់ប្រាក់អស់រាប់ពាន់រាប់ម៉ឺនដុល្លារក៏មាន ។

  ល្បិចបោកបញ្ឆោតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការភ្ជាប់ទំនាក់ទំនងស្នេហា ដោយប្រើប្រាស់រូបថត និងវីដេអូរបស់តារាប្រុសស្រីល្បីឈ្មោះ រូបស្រស់ស្អាត និងស្រស់សង្ហា  មិនមែនជារឿងថ្មីនិងចម្លែកទេ ប៉ុន្តែនៅតែមានមនុស្សជាច្រើនលង់ជឿយ៉ាងងប់ងល់ និងទំនាក់ទំនងដែលមានត្រឹមតែតាមរយៈការលេងឆាត ឬការក្លែងជាការខលវីដេអូតាមហ្វេសប៊ុកប៉ុណ្ណោះ។ រូបភាពនេះបានធ្វើឲ្យជនខិលខូចជាច្រើនអាចរកប្រាក់បានរាប់ពាន់រាប់ម៉ឺនដុល្លាររួចមកហើយ ខណៈដែលជនរងគ្រោះខ្លះបានត្រឹមការខកចិត្ត ខ្លះបានត្រឹមលាក់ទុកមិនហ៊ានបញ្ចេញព្រោះតែខ្លាចខ្មាសគេនោះ។ មុននេះតារាសម្តែងប្រុសស្រស់សង្ហា លោក កាវីន បានទម្លាយជាថ្មីម្តងទៀតអំពីរូបភាព និងគណនីយហ្វេសប៊ុកជាច្រើនសន្ធឹកដែលជនខិលខូចបានប្រើប្រាស់រូបថត និងវីដេអូរបស់លោកដើម្បីបង្កើតគណនីក្លែងក្លាយជាច្រើនដោយប្រើប្រាស់ឈ្មោះផ្សេងៗពីគ្នា។ លោកថា ករណីនេះបានកើតមានឡើងជាយូរមកហើយ ហើយក៏ធ្វើឲ្យលោកខ្វល់ចិត្តមិនតិចនោះដែរព្រោះតែជាបន្តបន្ទាប់មានជនរងគ្រោះជាច្រើនបានទំនាក់ទំនងមកលោកសួរនាំ ខ្លះជេរប្រមាថ បង្ហោះសារភ្ជាប់ដោយរូបថតបង្ខូចកិត្តិយសលោកជាដើម។ លោកថា បើទោះបីជាលោកធ្លាប់បានប្រកាសជាហូរហែកន្លងមកក៏ដោយក៏មានជនរងគ្រោះជាច្រើនបានលង់ចាញ់បោកប្រាក់ទៅកាន់ជនឆបោកទាំងនោះអ្នកខ្លះរាប់រាយដុល្លារ រាប់ពាន់ដុល្លាររហូតដល់រាប់ម៉ឺនដុល្លារក៏មាន ហើយភាគច្រើនគឺនារីៗ ទាំងក្រមុំ និងមេម៉ាយ ដែលអ្នកខ្លះមានវ័យចំណាស់ក៏មានព្រោះតែលង់ជឿ និងរូបថត និងវីដេអូដែលត្រូវបានធ្វើការក្លែងបន្លំ។ លោកលើកឡើងថា តាមជនរងគ្រោះភាគច្រើនដែលចាញ់បោកគឺការខលវីដេអូតាមឆាត ដែលជនល្មើសមានជំនាញក្នុងការយកវិដេអូរបស់លោកកន្លងមកក្លែងធ្វើជាវីដេអូខល ដើម្បីឲ្យជនរងគ្រោះទុកចិត្តថាពិតជាលោកដែលប្រើប្រាស់គណនីយនោះពិតមែន ហើយជនល្មើសក៏បានទាំងប្រើប្រាស់ពាក្យសម្តីលួងលោមផ្អែមល្ហែមខ្លាំងធ្វើឲ្យជនរងគ្រោះជឿលង់អ្នកខ្លះបានតាំងយកប្រាក់ផ្ទាល់ខ្លួន ទៅខ្ចីគេ ខ្លះលក់របស់ទ្រព្យដើម្បីផ្ញើប្រាក់ទៅកាន់ជនល្មើសក៏មានហើយចុងក្រោយគេប្លុកចោលរហូតកើតជារឿងបង្ហោះសារភ្ជាប់ដោយរូបថតលោក ខ្លះបានត្រឹមលាក់ទុកព្រោះខ្មាសគេ។

  ទោះជាយ៉ាងណាលោកលើកឡើងថា បច្ចុប្បន្នលោកបានប្រើប្រាស់គណនីយហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនចំនួន៣  ដោយលោកប្រកាសដែរថាមិនទទួលខុសត្រូវលើការប្រើប្រាស់គណនីយផ្សេងពីនេះឡើយ។ ហើយដើម្បីជៀវវាងការចាញ់បោកជនល្មើសទាំងនេះសូមគ្រប់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ព្រោះជនល្មើសចេញបច្ចេកទេសកាត់តវីដេអូខល និងប្រើប្រាស់ពាក្យលួងលោមឲ្យពួកគាត់ទុកចិត្តហើយចុងក្រោយមានតែរងភាពអាមាស និងការបង់ទ្រព្យ ខាតពេលវេលាជាដើម។ អ្នកទាំងអស់គ្នាក៏អាចធ្វើការចែករំលែកវីដេអូនេះដើម្បីជាការដាស់តឿនក្រើនរំលឹកទៅកាន់អ្នកលេងបណ្តាញសង្គមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងការចាញ់បោកជនខិលខូចផងដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖