ព័ត៌មានទាន់ហេតុការណ៍៖

ករណី​រថយន្តម៉ាកព្រូស បើកកៀរម៉ូតូស្ត្រីម្នាក់បណ្ដាលឱ្យដួលម៉ូតូរងរបួសប៉ុន្មានថ្ងៃមុន​ អ្នកបើករថយន្តបង្កចូលខ្លួន​មកសារភាព​

ចែករំលែក៖

ភ្នំពេញ​៖​ ទីបំផុត​! បន្ទាប់ពី​អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះតៗគ្នារហូតផ្ទុះការរិះគន់ពេញបណ្ដាញសង្គម​ ពាក់ព័ន្ធ​ករណី​រថយន្តម៉ាកព្រូស បើកកៀរម៉ូតូស្ត្រីម្នាក់បណ្ដាលឱ្យដួលម៉ូតូរងរបួសប៉ុន្មានថ្ងៃមុន​ ពេលនេះ​អ្នកបើករថយន្តបង្កចូលខ្លួន​មកសារភាព​កំហុសរបស់ខ្លួនហេីយ។ 

ជាក់ស្ដែង​យោង​តាម​សេចក្តីបកស្រាយបំភ្លឺ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រលប់ថ្ងៃសៅរ៍​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ទាក់ទងទៅរថយន្តម៉ាកព្រូស ពាក់ស្លាកលេខ2AA.8891 ដែលបានបើកបរកៀរម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួលរងរបួស កាលពីវេលាម៉ោង៨និង១៩នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងលិច សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។

បន្ទាប់ពីបានឃេីញការផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមទាក់ទងទៅនឹងករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីធ្វើការស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍នៅគោលដៅគល់ស្ពានព្រះមុនីវង្សត្រើយខាងលិច ដែលរថយន្តម៉ាកព្រូស បើកបរពីទិសខាងកើតទៅលិចបានបើកកៀរម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួលម៉ូតូរងរបួស។ ក្រោយពេលកើតហេតុរថយន្តបានបើកគេចខ្លួនបាត់ ចំណែកឯស្ត្រីរងគ្រោះ ត្រូវបានបងប្អូនមកនាំយកទៅព្យាបាល ។ 

បន្ទាប់ពីធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ម៉ោង៨:០០នាទី អ្នកបើកបររថយន្តម៉ាកព្រូសពាក់ផ្លាកលេខភ្នំពេញ 2AA-8891 មានឈ្មោះ ឈឹម ពុទ្ធឧត្តម ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាងដាក់GPS ទីលំនៅផ្ទះលេខ18D ផ្លូវលំ ភូមិត្រពាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលខ្លួនមកបំភ្លឺករណីខាងលើនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ភាគីខាងរថយន្តបានសារភាព និងទទួលកំហុសឆ្គងរបស់ខ្លួន ព្រមទាំងបានសម្របសម្រួលគ្នាជាមួយជនរងគ្រោះ ដោយបានឯកភាពគ្នាសងសំណងទៅស្ត្រីរងគ្រោះចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង។ 

ជាមួយគ្នានោះដែរសមត្ថកិច្ចបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្ត ដោយបានណែនាំដល់ជនបង្ក ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងបេីកបរដោយប្រុងប្រយ័ត្ន ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃជាលេីកទី២ទៀត ៕

ដោយ​៖សហការី​


ចែករំលែក៖