ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តភ្លៅ៥ប្រភេទកុងតឺន័រ បន្ទាប់ពីបើកបុកអ្នកជិះម៉ូតូ និងកិនបណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់ ខណៈដែលគេសង្ស័យថាបណ្ដាលមកពីកក្តាល្បឿនលឿននៅទីប្រជុំជន ។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូនឹងអ្នកបើកបររថយន្តកុងតឺន័រនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៣-១៥៤(មុខផ្សារសាមគ្គីក្រគរ)ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរដដែលបានឱ្យដឹងទៀតថា អ្នកបើកបររថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5623 ប្រភេទកុងតឺន័រ ភ្លៅ៥ ឈ្មោះ គល់ សុខណេន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ 061458540(01) មុខរបរ បើកបរ ប័ណ្ណបើកបរលេខៈ CE TKH 00006876 មានទីលំនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកនិងកិនអ្នកជិះម៉ូតូនៅគ្រាកំពុងធ្វើដំណើរច្រាសទិសគ្នារួចបត់ឆ្វេងឆ្លងផ្លូវ(ខ្វះការប្រយ័ត្ន)។
របាយការណ៍ដដែលបានបញ្ជាក់ថា ជនរងគ្រោះ(ស្លាប់)ជិះម៉ូតូម៉ាក HONDA Wave ពណ៌ខៀវ ពាក់ស្លាកលេខ ភ5273 ភព1 ឈ្មោះ ធួយ ខ្វាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ អត្តសញ្ញាណប័ណ្ណគ្មាន ជនរងគ្រោះ ពាក់មួកសុវត្ថិភាព។ ចំពោះសពសមត្ថកិច្ចទទួលបទបញ្ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងប្រគល់ជូនមន្រ្តីនគរបាលការិយាល័យ ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តនីតិវិធី មូលហេតុ៖ រថយន្តប្រើប្រាស់ល្បឿនលឿន ៕
ដោយ៖ ប៉ឹម ពិន