ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណសាលាបុណ្យភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស ភូមិព្រែកកំពឹស និងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន៨០នាក់ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងជាចៅសង្កាត់ព្រែកកំពឹស ព្រមទាំងឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ លោកនាយកសាលាទាំង០៣ក្នុងសង្កាត់ យុវជន ស.ស.យ.ក សង្កាត់ សរុបរួមមានចំនួន ៨៧២នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និង ការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេច តេជោ ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាពនិងជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះកម្ពុជាទាំងមូល មានមោទកៈភាពខ្លាំងបំផុត ដែលសម្តេចបានដឹកនាំប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និង បានរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលខ្មែរធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិ ស៊ីហ្គេម៦៤ឆ្នាំ ទទួលបានការភ្ញាក់ផ្អើលនិងការកោតសរសើរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ កក្រើកពិភពលោក។ ដូច្នេះទោះក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា គឺត្រូវចងចាំជានិច្ចនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេច តេជោ ហ៊ុន សែន ដែលសម្តេច ធ្លាប់បានយកជីវិតធ្វើជាដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតបានរំដោះជីវិតប្រជាជនកម្ពុជា នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតដ៏ឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយសម្តេចតេជោ ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាន នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ សម្តេចជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាត នូវជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្តារនូវ ស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតី យ៉ាងឆាប់រហ័ស សង្គ្រោះជីវិតប្រជាជនកម្ពុជាជាលើកទី២ បន្ទាប់ពីថ្ងៃ៧មករា ១៩៧៩ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវ អាហារសម្រន់ និងទឹកសុទ្ធ ចែកជូនសមាជិកចូលរួមទាំងអស់ បរិភោគរួមគ្នា ប្រកបដោយមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាល ព្រមទាំងបាននាំយកខោអាវកីឡាប្រគល់ជូនដល់មេភូមិទាំង០២ ដើម្បីយកទៅចែកជូនដល់កុមារចាប់ពីអាយុ០២ឆ្នាំ រហូតដល់យុវនិស្សិតដែលកំពុងសិក្សា គ្រប់ក្រុមគ្រួសារ ដោយមិនប្រកាន់និន្នាការនយោបាយ សរុបមានចំនួន ១១៣០កំប្លេផងដែរ៕
ដោយ ៖ សហការី