ភ្នំពេញ៖ រូបភាពទើបទទួលបានពីមន្ត្រីនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដែលបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់អភិរក្សកម្ពុជា គឺសត្វកែះ ដែលជាប្រភេទសត្វកម្រជិតផុតពូជ បានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ នេះបេីយោងតាមប្រភពព័ត៌មានពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ គេមិនទាន់មានទិន្នន័យពិតប្រាកដថាមានសត្វកែះប៉ុន្មានក្បាលរស់នៅ ក្នុងប្រទេសកម្ពុជាទេ តែប្រភេទសត្វនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។ បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឺងក្នុងការជួញដូរដោយសារតែជំនឿ។
យោងតាមការសិក្សា កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង៊ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។
តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមាគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។
សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។ ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំ ទើបចាកចេញ៕
ដោយ៖ សហការី