អ្នកចាត់ការក្លិប Juventus លោក Massimiliano Allegri បាននិយាយថាអនាគតរបស់គាត់នៅក្លិបនឹងមានភាពច្បាស់លាស់ លុះត្រាតែបញ្ចប់រដូវកាលនេះ ដោយក្រុមស្ទើរតែប្រាកដក្នុងចិត្តថានឹងបញ្ចប់ ការមិនបានលេងក្របខ័ណ្ឌ Champions League បន្ទាប់ពីពិន័យកាត់១០ពិន្ទុ។
ក្លិបត្រូវបានកាត់ពិន្ទុក្នុងក្របខ័ណ្ឌ Serie A ទាក់ទងនឹងកិច្ចព្រមព្រៀងផ្ទេរលើកមុនរបស់ខ្លួន ដែលធ្វើឱ្យពួកគេធ្លាក់ទៅលេខរៀងទី៧ក្នុងតារាង ហើយធ្វើឱ្យពួកគេមានឱកាសតិចតួចក្នុងការទទួលបានកៅអីក្នុងក្របខ័ណ្ឌ Champions League។ Juventus ក៏ត្រូវបានធ្លាក់ចេញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ដោយក្រុម Sevilla ដែលឈ្នះ៦សម័យកាល និងរងបរាជ័យក្នុងលទ្ធផល ៤-១ នៅលើទឹកដី Empoli កាលពីថ្ងៃចន្ទកន្លងទៅ។
លោក Allegri បានប្រាប់សន្និសីទសារព័ត៌មានកាលពីមុនការប្រកួតក្នុងផ្ទះជាមួយ AC Milan ថា “យើងនឹងនិយាយជាមួយក្លិបនៅថ្ងៃទី៥ ខែមិថុនា នៅពេលដែលអ្វីៗត្រូវបានបញ្ចប់ ដែលនឹងពិភាក្សាគ្នានៅពេលចប់រដូវកាលនេះ” ។
ក្រុម Juventus ឈរចំណាត់ថ្នាក់លេខ៧ មាន៥៩ពិន្ទុជាមួយនឹងការប្រកួត១ដែលត្រូវលេង ហើយពួកគេតាមពីក្រោយក្រុមលេខ៤ AC Milan ចំនួន៨ពិន្ទុ ដោយអស់ឱកាសក្នុងការប្រជែងដណ្តើមយកកៅអីចុងក្រោយនៃក្របខ័ណ្ឌ Champions League។
លោកបានបន្តថា “យើងមានការរំខានច្រើនពេកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយ Juventus មិនមានរដូវកាលងាយស្រួលទេចាប់តាំងពីខែវិច្ឆិកាមក។
លោក Allegri បានទទួលស្គាល់ថា វាជាបញ្ហាដ៏ស្មុគស្មាញមួយ នៅពេលដែលត្រូវបានសួរអំពីហេតុផលនៅពីក្រោយការតស៊ូរបស់ក្រុមនៅរដូវកាលនេះ។
លោកបញ្ជាក់ថា “ការឆ្លើយសំណួរនេះក្នុងមួយនាទីគឺពិបាកណាស់។ ខ្ញុំគិតថាយើងបានធ្វើការយ៉ាងលំបាក ហើយយើងមានពេល១០ថ្ងៃទៀតដែលយើងត្រូវធ្វើការឱ្យកាន់តែខ្លាំង។ យើងត្រូវទទួលបានច្រើនបំផុតពី Juventus។ គោលបំណងរបស់យើងគឺដើម្បីចូលទៅក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែអ្វីៗមិនដូចការគិតនោះទេ។ តើមានអ្វីកើតឡើងនៅឆ្នាំក្រោយគឺមិនទាន់ដឹងនៅឡើយទេ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)