ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ៤នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក មាន កត្តាល្បឿន ៦លើក មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់ ១លើក។
ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៩ ខែឧសភាម្សិលមិញនេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ៣០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៣គ្រឿង ម៉ូតូ ០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៤គ្រឿង មានម៉ូតូចំនួន ០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ ដោយ៖សហការី
រូបភាព៖ ឯកសារ