ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនទៅតុលាការហើយ ខណៈដែល ឆក់កាបូបបានសម្រេច គេចខ្លួនបាន១០ថ្ងៃ ចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បានដដែល!

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឆក់កាបូបបានសម្រេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី  មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។ 

អំពើអកុសល ពិតជាមិនអាចគេចផុតពីច្បាប់កម្មផលមែន បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញការផ្សព្វផ្សាយក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មានឈ្មោះហូយសុភ័ក្រអាយុ១៩ឆ្នាំ មុខរបរសិស្ស និង ឈ្មោះ ធឿន ចាន់រដ្ឋា ហៅវុត្ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្នុងនោះជនសង្ស័យឈ្មោះ ហូយ សុភ័ក្រ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទ្រព្យសម្បត្តិមានតម្លៃ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាច្រើនលើកមកហើយតាំងពីឆ្នាំ២០១៩មក និងក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន៣លើកផងដែរ ដោយលើកទី១ ក្នុងឆ្នាំ២០១៩ ជាប់ពាក់ព័ន្ធករណីហិង្សា(កាប់ទៅលើជនរងគ្រោះជាសិស្សសាលាដូចគ្នា), លើកទី២ ក្នុងឆ្នាំ២០២០ ជាប់ពាក់ព័ន្ធករណីប្លន់, លើកទី៣ ក្នុងឆ្នាំ២០២១ ជាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ និងលើកទី៤នេះ ខ្លួនចេញធ្វើសកម្មភាព ឆក់កាបូបសារជាថ្មី បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ធ្លាក់ពីលើកង់បី តែក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបានទៀត ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖