កីឡាករ Neco Williams និង David Brooks ត្រូវបានគ្រូបង្វឹកដាក់បញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិវែលក្នុងចំណោមកីឡាករចំនួន២៥នាក់សម្រាប់ការប្រកួតជម្រុះយូរ៉ូ២០២៤ (Euro 2024) ទល់នឹងអាមេនី និងទួរគីក្នុងខែមិថុនា ខណៈដែលកីឡាករ Tom Lockyer មិនមានឈ្មោះនោះទេ។
Williams ត្រូវបានជ្រើសរើសបើទោះបីជាមិនបានបង្ហាញខ្លួនតាំងពីខែមេសាដោយបាក់ថ្គាមក៏ដោយ ខណៈកីឡាករ Brooks ត្រឡប់មកវិញជាលើកដំបូងចាប់តាំងពីបានជាសះស្បើយពីជំងឺមហារីក រីឯBrennan Johnson ក៏មានឈ្មោះក្នុងក្រុមផងដែរ។ ប៉ុន្តែមិនមានកន្លែងសម្រាប់ Lockyer បន្ទាប់ពីគាត់បានដួលក្នុងអំឡុងពេលប្រកួតចុងក្រោយរបស់ក្រុមLuton Town ឈ្នះលើក្រុម Coventry City។Lockyer ត្រូវបានប្តូរចេញបន្ទាប់ពីលេងបានត្រឹមតែ១២នាទីនៅ Wembley ហើយនៅតែស្ថិតក្នុងមន្ទីរពេទ្យ។
បន្ទាប់ពីការចូលមន្ទីរពេទ្យ Lockyer បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គាត់មានអារម្មណ៍សោកស្តាយខ្លាំងណាស់ ហើយត្រូវបានគេថតរូបអបអរសាទរជ័យជម្នះរបស់ Luton ដែលមានន័យថាពួកគេនឹងលេងនៅ Premier League នៅរដូវកាលក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារកណ្តាលដែលមានឈ្មោះក្នុងក្រុមជើងឯករដូវកាល២០២២–២០២៣ នឹងមិនជាប់ពាក់ព័ន្ធនៅពេលដែលវែលត្រូវជួបជាមួយអាមេនីនៅកីឡដ្ឋាន Cardiff City នៅថ្ងៃសុក្រទី១៦ខែមិថុនា មុនពេលធ្វើដំណើរទៅប្រទេសទួរគីបីថ្ងៃក្រោយមក។
អ្នកចាត់ការក្រុមវែលលោក Robert Page បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែបម្រើប្រយុទ្ធ Brooks វ័យ២៥ឆ្នាំ នឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតរដូវក្តៅរបស់វែលដោយបានត្រលប់ទៅក្រុមដំបូងនៅ Bournemouth វិញ។ Brooks ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឈ្មោះ Hodgkin ដំណាក់កាលទី២ នៅខែតុលា ឆ្នាំ២០២១ ប៉ុន្តែបានលេងឲ្យBournemouth លើកដំបូងរបស់គាត់ក្នុងរយៈពេល៥៣៦ថ្ងៃក្នុងខែមីនា ដោយបានប្រកាសថា គាត់មិនមានជំងឺមហារីកនៅក្នុងខែឧសភា ឆ្នាំ២០២២។
គ្រូបង្វឹកជម្រើសជាតិវែលក៏និយាយផងដែរថា មិនមានការព្រួយបារម្ភអំពីប្រធានក្រុម Aaron Ramsey ទោះបីជាគាត់បានខកខានការប្រកួតបីលើកចុងក្រោយរបស់ Nice ជាមួយនឹងរបួសកំភួនជើងក៏ដោយ។ លោក Page ក៏មានទំនុកចិត្តថា Danny Ward នឹងមានភាពរឹងមាំនៅខែក្រោយ បើទោះបីជាអ្នកចាំទី Leicester City រូបនេះរងការឈឺចាប់ម្រាមដៃដែលបង្ខំឱ្យគាត់ខកខានការប្រកួត៣លើកចុងក្រោយនៃរដូវកាលរបស់ក្រុមក៏ដោយ។
មានកីឡាករចំណូលថ្មីមួយនៅក្នុងក្រុមរបស់លោក Page គឺ Joe Low វ័យ២១ឆ្នាំ ដែលជាខ្សែការពាររបស់ Bristol City ដែលបានចំណាយពេលពាក់កណ្តាលទី២នៃរដូវកាលមុនក្នុងការខ្ចីជើងជាមួយក្រុម Walsall នៃ League Two។ Low ដែលជាកូនប្រុសរបស់អតីតខ្សែបម្រើក្លិប Cardiff City លោក Josh Low បានលេងឱ្យក្រុមវែលក្នុងកម្រិតអាយុក្រោម២១ឆ្នាំ។
មានកីឡាករ៣នាក់ផ្សេងទៀតដែលមិនទាន់បានបញ្ចូលក្នុងនោះរួមមាន Luke Harris របស់ Fulham, ខ្សែប្រយុទ្ធ Liam Cullen របស់ Swansea City និង Morgan Fox ដែលមិនមានវត្តមានបន្ទាប់ពីត្រូវបានដោះលែងដោយ Stoke City ។
ក្រុមវែលបានចាប់ផ្ដើមយ៉ាងជោគជ័យក្នុងយុទ្ធនាការជម្រុះយូរ៉ូនេះ ដោយបានស្មើជាមួយក្រូអាត ហើយបន្ទាប់មកបានយកឈ្នះលើក្រុមឡាត់វៀក្នុងផ្ទះ ធ្វើឲ្យវែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល D។ អាមេនីបានលេងវគ្គជម្រុះ Euro 2024 តែមួយលើកគត់ មកទល់ពេលនេះដោយបានចាញ់ ២–១ ក្រោមថ្វីជើងទួរគី។ រីឯទួរគីបានលេង២ប្រកួតហើយបន្ទាប់ពីឈ្នះអាមេនី និងចាញ់ក្រូអាតក្រៅដី ២–០៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)