ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយស្នើឲ្យលោក មុនថាប៊ុន ត្រូវនិយាយនូវការពិតពីកម្ពុជា និងសូមយកព័ត៌មានពីរាជរដ្ឋាភិបាលកម្ពុជាទៅផង

ចែករំលែក៖

ខេត្តកណ្ដាល ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត្យ មុនថាប៊ុន (Vitit Muntarbhorn) ឱ្យក្រឡេកមើលពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកគឺប្រទេសថៃមុននឹងនិយាយអំពីកម្ពុជា។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយស្នើឲ្យលោក មុនថាប៊ុន ត្រូវនិយាយនូវការពិតពីកម្ពុជា និងសូមយកព័ត៌មានពីរាជរដ្ឋាភិបាលកម្ពុជាទៅផង។

សម្ដេចថា៖ «ខ្ញុំមិនចង់ឲ្យអ្នកឯងនិយាយលើសពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទេ។ហើយខ្ញុំក៏មិនចង់ឲ្យអ្នកឯងលើកសរសើរខ្ញុំលើស និងនិយាយខុសពីការពិតនៅកម្ពុជាដែរ»។

ជាមួយគ្នានោះសម្ដេចក៏បានផ្ដាំទៅលោក មុនថាប៊ុន ថាសូមឱ្យលោកនិយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកផងជាជាងតែនិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជា។

នេះមិនមែនជាលើកទីមួយទេដែលនាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបទៅលើអ្នករាយការណ៍ពិសេសសិទ្ធមនុស្សអង្គការសហប្រជាជាតិ ជាក់ស្ដែងកាលពីដើមឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានឆ្លើយតបបែបនេះទៅកាន់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក ស៊ូបាឌី ផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យអ្នករាយការណ៍ពិសេសUNថា កុំមើលអាក្រក់ពីកម្ពុជាពេក គម្បីមើលប្រទេសថៃខ្លួនឯងផង ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិUNសូមកុំមើលតែរឿងអាក្រក់នៅកម្ពុជាពេក គប្បីមើលប្រទេសថៃ ដែលជាទឹកដីកំណើតរបស់ខ្លួនឯងផង ខណៈបញ្ហានៅប្រទេសថៃ គឺបានកើតរឿងអយុត្តិធម៌ច្រើនណាស់ចំពោះអតីតនាយករដ្ឋមន្រ្តីថៃ តែគ្មានបុគ្គល និងប្រទេសហ៊ានរិះគន់ និងនិយាយអ្វីនោះទេ។

 ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក្រសហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ត្រូវក្រឡេកមើលប្រទេសថៃខ្លួនឯងផង កុំមើលតែស្រុកខ្មែរពេក ខណៈករណីថាក់ស៊ីន និងយ៉ីងឡាក់ត្រូវបានរដ្ឋប្រហារយោធាបណ្តេញចេញពីប្រទេស តែគ្មានអ្នកប្រទេសណាមកអើពើនោះទេ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស ជាពិសេសអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN)នោះ មើលកម្ពុជាឲ្យបានច្បាស់លាស់ សូមកុំស្តាប់តែតាមការញុះញង់របស់ក្រុមប្រឆាំងពេក ខណៈក្រុមពួកប្រឆាំងទាំងនោះ វាមិនដែលនិយាយល្អពីកម្ពុជាទេ សូម្បីតែព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានអន្តរជាតិកោតសរសើរគ្រប់ៗគ្នា តែក្រុមប្រឆាំងពិសេសពួកកំពុងរត់ចោលស្រុកនោះ វាមករិះគន់បែបនេះបែបនោះទៅវិញ៕

ដោយ ៖ សហការី


ចែករំលែក៖