ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)ខេត្តកណ្ដាល

ចែករំលែក៖

ខេត្ត​កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែង​ថា ការដែលសម្តេចមានជំនួបជាលើកទី២ ជាមួយបងប្អូនកម្មករ-កម្មការិនីនេះ គឺដើម្បីចង់ឃើញ ចង់ដឹង អំពីវឌ្ឍនភាពនៅតាមរោងចក្រនានា និង ដើម្បីរកគន្លឹះក្នុងការកសាងអ្វីបន្ថែមទៀតដើម្បីផលប្រយោជន៍កម្មករ-កម្មការិនី។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាល នឹងធ្វើការឧបត្ថម្ភបន្ថែមទៀត ពោលគឺលើសមុនរហូតដល់១៤ដង ដល់កម្មការិនីដែលចាប់ផ្តើមពីមានផ្ទៃពោះដំបូងរហូតដល់មានកូនអាយុពីរឆ្នាំ។

សម្តេចតេជោ ថ្លែង​ថា  នយោបាយរបស់អ្នកជាប់ឆ្នោតថ្មីរបស់ថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួនទៅហើយ ខណៈនយោបាយបែបនេះ អាចនឹងធ្វើឲ្យរោងចក្រ សហគ្រាសរបស់ថៃមួយចំនួនដួលរលំផងដែរ។

សម្តេចតេជោ ថ្លែង​បន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។

សម្តេចតេជោ ថ្លែងសារជាថ្មីថា នរណាក៏ត្រូវការសន្តិភាពដែរ សូម្បីតែមេបក្សប្រឆាំង ក៏ត្រូវការដែរ ប៉ុន្តែពួកគេអាងខ្លួនតែនៅក្រៅប្រទេស តែងតែធ្វើញុះញង់ ដល់កូនចៅរបស់ខ្លួននៅក្នុងស្រុកឲ្យមានចលាចល និងធ្វើការបះបោរគ្រប់រូបភាព ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចលនារបស់ ពួកគេមិនបានសម្រេចជោគជ័យនោះទេ។

សម្តេចតេជោ ថ្លែងថា រហូតមក ដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្តេចបញ្ជាក់ថា « មិនត្រឹមអាចរកសន្តិភាព ធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត»។

សម្តេចតេជោ ថ្លែង​រំពឹងថា រោងចក្រសហគ្រាស់នីមួយៗនឹងក្លាយទៅជាកន្លែងសុខសាន្ត និងសំបូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែនជាកន្លែងប្រណាំងម៉ូតូ។

សម្តេចតេជោ​ ប្រកាសមិនអត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី។

សម្តេចតេជោ ណែនាំដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កុំធ្វើលិខិតណាមួយសម្រាលទោសដល់អប្សរាក្បាលត្រងោលឲ្យសោះ មិនថាបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំនោះទេ ខណៈអប្សរាក្បាលត្រងោលមួយនេះមានសញ្ជាតិ២ ហើយក៏មានអ្នកចង់ដាក់គំនាបដល់រាជរដ្ឋាភិបាលលើករណីនេះផងដែរ។

សម្តេចតេជោ ថ្លែង​ចំអកឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃ សូមក្រឡេកមើលប្រទេសថៃខ្លួនឯងផង កុំមើលតែស្រុកខ្មែរពេក ខណៈករណីថាក់ស៊ីន និងយ៉ីងឡាក់ គ្មាននរណាមួយហ៊ានអន្តរាគមន៍ និងហ៊ាននិយាយនោះទេ។

សម្តេចតេជោ​ ផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស ជាពិសេសអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែលជាជនជាតិថៃមើលកម្ពុជាឲ្យបានច្បាស់លាស់ សូមកុំមើលតែរបាយការណ៍ និងស្តាប់តាមតែការញុះញង់របស់ក្រុមប្រឆាំងពេក ព្រោះក្រុមពួកប្រឆាំងទាំងនោះ មិនដែលនិយាយល្អពីកម្ពុជានោះទេ សូម្បីតែព្រឹត្តិការណ៍កីឡាស៊ីហ្គេមល្អឥតខ្ចោះ ក៏ពួកគេរិះគន់ដែរ។

សម្តេចតេជោ ផ្តាំទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជាមិនត្រូវការ ឱ្យមានការលើកសរសើរពីកម្ពុជានោះទេ សូមតែនិយាយការពិតពីកម្ពុជាតែប៉ុណ្ណោះ ខណៈការលើកឡើងរបស់អ្នករាយការណ៍ពិសេសរូបនេះ ស្តាប់តែភាគីពួកប្រឆាំងតែម្ខាង។

សម្តេចតេជោ ថ្លែង​ប្រាប់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈ ធ្វើការញុះញង់ និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ។

សម្តេចតេជោ ប្រកាសអំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេររួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ 

សម្តេចតេជោ បញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ ពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ សូមកុំបណ្តោយឲ្យពួកគាត់ឈានដល់កាលឡើងតុលាការ។

នាឱកាសនោះដែរ​ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។

ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់៕

ដោយ​៖ ស​ តារា​


ចែករំលែក៖