ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយត្រូវ​តុលាការសម្រេចចេញដីកាឃុំខ្លួនហើយ

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​ប្រភពព័ត៌មាន​ពី​មន្រ្តី​សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ លោក ស សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ​ កាលពីល្ងាចថ្ងៃទី២ ខែមិថុនាម្សិលមិញ​ បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ម៉ៅ ម៉ុច អាយុ៣៥ឆ្នាំ យកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសទណ្ឌ តាមនីតិវិធីច្បាប់។

ការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ម៉ៅ ម៉ុច ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានសម្រេចចោទប្រកាន់លើបុគ្គលនេះ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួយដូរបាន (ចេញសែកស្អុយ)។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លូនឈ្មោះ ម៉ៅ ម៉ុច អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៩៣ ផ្លូវលេខ១០ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ហើយបានបញ្ជូនមកតុលាការចាត់ការតាមច្បាប់។

បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា កម្លាំងអាអាវុធហត្ថក្រុងភ្នំពេញ ឃាត់ខ្លួនឈ្មោះ ម៉ៅ ម៉ុច នេះគីធ្វើឡើងបណ្តឹងរបស់ម្ចាស់បំណុលឈ្មោះ ស៊ុត វិចិត្រ បន្ទាប់មកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ហើយរហូតដល់ពេលនេះត្រូវតុលាការសម្រេចឃុំខ្លួន៕

ដោយ៖ សហការី


ចែករំលែក៖