ព័ត៌មានទាន់ហេតុការណ៍៖

ប្រភេទសត្វព្រៃជាច្រើនប្រភេទនៅកម្ពុជា​ ត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖​ ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) ការសិក្សាស្រាវជ្រាវជីវៈចម្រុះរហ័សក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះជាប់នឹងឧទ្យានជាតិវីរ:ជ័យ ក្នុងខេត្តរតនគិរីត្រូវបានធ្វើឡើង។ ប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ កាលខែមីនា ឆ្នាំ ២០២៣ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២៧គ្រឿង ត្រូវបានដាក់ពង្រាយក្នុងតំបន់របៀងអភិរក្សជីវចម្រុះដោយក្រុមមន្ត្រីជំនាញមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ និងក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី និងសហគមន៍មូលដ្ឋាន ដោយទុកថតនៅក្នុងព្រៃអស់រយៈពេល ០២ ខែ។ 

សត្វព្រៃចំនួន ៣៤ ប្រភេទត្រូវបានថតបាន ដែលក្នុងនោះ មាន០៨ប្រភេទ ត្រូវបានកំណត់ជាប្រភេទរងការគំរាមកំហែង ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ( មាន០៥ប្រភេទជាប្រភេទងាយរងគ្រោះ ០២ប្រភេទជាប្រភេទកំពុងជិតផុតពូជ និងចំនួន០១ ប្រភេទជិតផុតពូជបំផុត) ហើយមាន០២ប្រភេទទៀតជាប្រភេទជិតរងការគំរាមកំហែងផងដែរ។

របកគំហើញសំខាន់ៗទាំងនេះរួមមានការថតជាប់រូបភាពសត្វខ្លាឃ្មុំធំ សត្វកែះ សត្វក្ងោក សត្វស្វាកន្ទុយស ហើយក៏ថតជាប់សត្វខ្លាភ្ញីថ្មកែវមួយក្បាលដែលឃើញមានកូនផងដែរ។ 

លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយជាពត័មានដល់ការពិភាក្សាជុំវិញការកំណត់ និងចែងចែកតំបន់គ្រប់គ្រងនៃឧទ្យានជាតិវីរៈជ័យ និងរបៀងអភិរក្សជីវចម្រុះ ក្នុងខែមិថុនាខាងមុខនេះ ដើម្បីធានាថាសត្វព្រៃសំខាន់ៗទាំងនេះត្រូវបានការពារ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ សហគមន៍មូលដ្ឋាន និងម្ចាស់ជំនួយមូលនិធិ Darwin Initiative/DERFA ដែលគាំទ្រលើការសិក្សានេះ៕

ដោយ​៖ សហការី​


ចែករំលែក៖