ក្រុមជួយសង្គ្រោះបានធ្វើការពេញមួយយប់ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុផ្លូវរថភ្លើងក្នុងរដ្ឋ Odisha នៃប្រទេសឥណ្ឌា។
កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិរបស់ឥណ្ឌា (NDRF) កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ Odisha (ODRAF) ប៉ូលិសក្នុងតំបន់ និងអង្គភាពពន្លត់អគ្គិភ័យត្រូវបានប្រមូលផ្តុំដោយប្រណាំងប្រជែងនឹងពេលវេលាដើម្បីដោះស្រាយបញ្ហា ជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងទូរថភ្លើងបន្ទាប់ពីឧបទ្ទវហេតុផ្លូវរថភ្លើងបង្កឱ្យមានសោកនាដកម្មមួយនៅក្នុងស្រុក Balasore , រដ្ឋ Odisha នៅយប់ថ្ងៃទី ២ ខែមិថុនា។
កងទ័ពឥណ្ឌាក៏បានដាក់ពង្រាយ ដើម្បីជួយក្នុងការជម្លៀស និងព្យាបាលជនរងគ្រោះផងដែរ។ បញ្ជាការដ្ឋានភាគខាងកើតនៃប្រទេសឥណ្ឌា បានដាក់ពង្រាយក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេស ជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ ឧបករណ៍ជំនួយ និងឧទ្ធម្ភាគចក្រ MI-17 ទៅកន្លែងកើតហេតុ។
មន្ត្រីក្នុងទីក្រុង Bhubaneswar បានឱ្យដឹងថា មានរថយន្តជួយសង្គ្រោះរហូតដល់២០០គ្រឿង និងរថយន្តក្រុង ៥០ គ្រឿង ក្រុមគ្រូពេទ្យ ៤៥ក្រុមផ្សេងគ្នាដែលមានគ្រូពេទ្យ ១២០០នាក់ ចូលរួមនៅក្នុងសកម្មភាពជួយសង្គ្រោះ ។ ក្រុមផ្សេងទៀតបានប្រើប្រាស់រថយន្តស្ទូច ដើម្បីស្វែងរកអ្នកជាប់គាំងនៅខាងក្នុង៕ ដោយ៖ ធីរីណា
រូបថត៖ Reuters