ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យរន្ធត់ណាស់! ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាសចោមចៅដួលបោកក្បាលនឹងថ្នល់​ រួចត្រូវរុឺម៉កកិនបន្ថែមបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

​      ភ្នំពេញ​ ៖​ គួរឱ្យរន្ធត់ខ្លាំងណាស់​! ខណៈដែលបុរសម្នាក់បានជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹងហើយស្របពេលនោះក៏មានរុឺម៉កសណ្ដោងបើកមកពីក្រោយកិនបន្ថែម បណ្ដាលឱ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម​ បង្កការឱ្យមានភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៣ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​    សពជនរងគ្រោះមានឈ្មោះសែម ចាន់សុភីន ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិពេជចង្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C- ១២៥ ស៊េរីឆ្នាំ ២០១៩ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ1G-2926។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹងបណ្ដាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់ ដោយមិនដឹងថាជនរងគ្រោះស្លាប់ឬរងរបួសធ្ងន់នោះទេ គឺស្របពេលនោះក៏មានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយបានកិនជនរងគ្រោះពីលេីបន្ថែមនិងធ្វេីឱ្យម៉ូតូសណ្ដោងរុឺម៉កក្រឡាប់ ភ្លាមនោះម្ចាស់រុឺម៉កក៏បានលើករុឺម៉កបញ្ឈរវិញហើយបានបើកបន្តដំណើរទៅមុខបាត់ស្រមោលទៅ។

​     ប្រភពដដែលបានបន្តទៀតថា​ ក្រោយមកទេីបប្រជាពលរដ្ឋនាំគ្នាទៅមេីលជនរងគ្រោះ​ឃើញជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏នាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានតែម្ដង​ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅសាច់ញាតិឱ្យមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖