សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Wall Street Journal ដែលត្រូវបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ដូច្នេះថា «យើងជឿ ជាក់យ៉ាងមុតមាំថា យើងនឹងទទួលបានជ័យជម្នះ…ខ្ញុំមិនដឹងនោះទេថាតើវានឹងត្រូវចំណាយពេលយូរប៉ុនណា។ និយាយដោយស្មោះត្រង់ វាអាចនឹងត្រូវធ្វើឡើងក្រោម មធ្យោបាយផ្សេងៗគ្នា។ ប៉ុន្តែយើងនឹងធ្វើវា ហើយយើងបានត្រៀមលក្ខណៈរួចជាស្រេច»។
លោក ហ្សេលេនស្គី កាលពីខែឧសភា ធ្លាប់បានលើកឡើងថាអ៊ុយក្រែនត្រូវការរង់ចាំអាវុធទំនើបៗរបស់លោកខាងលិចបញ្ជូនមកដល់សិន មុននឹងបើកប្រតិបត្តិការវាយបក ខណៈដែលលោកបានធ្វើយុទ្ធនាការការទូតនៅក្រៅប្រទេស ដើម្បីជំរុញឱ្យលោកខាងលិចបន្តផ្ដល់អាវុធ និងការគាំទ្រសំដៅជួយអ៊ុយក្រែនសម្រេចបានជោគជ័យក្នុងប្រតិបត្តិការវាយបកនេះ។
គេមិនទាន់ដឹងថា តើប្រតិបត្តិការវាយបករបស់អ៊ុយក្រែននឹងធ្វើឡើងនៅតំបន់ណាមួយទេ តែរុស្ស៉ីកំពុងគ្រប់គ្រងទឹកដី អ៊ុយក្រែនមួយភាគធំនៅភាគខាងកើត ភាគខាងត្បូង និងភាគអាគ្នេយ៍៕ ដោយ៖ ធីរីណា
រូបថត ៖ internet