ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីសន្ទនារវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិត ដើម្បីស្វែងយល់ពីអនុសាសន៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញបន្ថែមលើផ្នែកណាផ្សេងទៀត។
សម្តេចតេជោ ថ្លែងថា តាមយរៈជំនួបនេះ នាយករដ្ឋមន្រ្ដី កម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។
សម្តេចតេជោ ថ្លែងថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។
សម្តេចតេជោ ថ្លែងថា « មិនត្រឹមអាចរកសន្តិភាព ធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត»។
សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។
សម្តេចតេជោ ថ្លែងថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី កម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។
សម្តេចតេជោ ថ្លែងថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។
សម្ដេចតេជោ ថ្លែងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបញ្ជាក់ថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើន។
សម្តេចតេជោ ប្រកាសប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។
សម្តេចតេជោ ថ្លែងថា ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជា ក្នុងនោះបានទិញយកផលិតផលកសិកម្មកម្ពុជា១១មុខ រួមមាន៖ ចេក ស្វាយ ស្វាយចន្ទី ត្រីប្រាជាដើម។ ក្រៅពីនេះជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។
សម្តេចតេជោ ថ្លែងថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាក្នុងរង្វង់៤លាននាក់ តាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធនក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។
សម្តេចតេជោ បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំផ្សព្វផ្សាយបន្តអំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ គឺត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែ កក្កដា ខាងមុខ ដោយទទួលបានប្រាក់ខែដដែល។
សម្តេចតេជោ នៅតែបន្តថ្លែងរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។
សូមជម្រាបជូនថា នាឱកាសនោះដែរ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានឱ្យដឹងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅស្រុក គងពិសី ខេត្តកំពង់ស្ពឺនេះម្តងរួចមកហើយ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានកម្មករ និយោជិតចូលរួមចំនួន ២៧,៤៤៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៤។
សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។ ចំពោះរោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិត ស្បែក ជើង ចំនួន១០ និងផលិតកាបូបចំនួន១។
ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ ទៅ ទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។
គួរជម្រាបដែរថា គិតត្រឹមឆ្នាំ២០២៣នេះ នៅខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕
ដោយ៖ ស តារា