ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ក្រុម​អ្នកញៀនល្បែងស៉ីសង​បញ្ជល់មាន់​ចំនួន១៩នាក់ នៅក្រុងបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បា​បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី០៤​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​នគរបាល​ក្រុងបាត់ដំបង​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង ដោយជាក់ស្ដែងឃាត់ខ្លួនមនុស្សចំនួន១៩នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះកម្លាំងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការជាមួយកម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយកការិយាល័យកំរិតស្រាល ​កាលពីរសៀលថ្ងៃទី០៣ ខែមិថុនាម្សិលមិញនេះ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែង​ស៊ីសង​ខុសច្បាប់ (​ភ្នាល់មាន់ជល់​) ០១លើក ចំណុច​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។ 

ជាក់ស្ដែង​កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួន​អ្នកញៀនល្បែងស៉ីសង​បញ្ជល់មាន់​ខុសច្បាប់​ចំនួន ១៩នាក់ មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្តបា​ត់ដំបង។ វត្ថុតាង​ដកហូត​រួម​មាន​ ៖ ម៉ូតូ​ ចំនួន​ ១៦​គ្រឿង​, ជញ្ជីង​សម្រាប់​ថ្លឹងមាន់​ជល់​ ០១, កៅស៊ូ​សង្វៀន​ជល់មាន់​ ចំនួន​ ០៦​ដុំ, កំសៀវ​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ ០១​ និងនាឡិកា​កំណត់​នាទី​ ចំនួន​ ០១​គ្រឿង​។

បច្ចុប្បន្ន​នៅថ្ងៃទី០៤​ ខែមិថុនានេះដែរ​ ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖