ភ្នំពេញ ៖ អបអរសាទរកម្ពុជាដែលបានសាងប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងសម័យកាលសន្តិភាពដ៏រុងរឿង ដែលនេះក៏ជាផ្នែកមួយនៃការបង្ហាញអំពីការផ្តល់អាទិភាពលើប្រជាជន ឬ ការយកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់ៗរូបជាអាទិ៍ បងប្អូនដែលមានពិការភាពតាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
លោកហ៊ុន ម៉ានី បានថ្លែងថា, ជំនួសមុខឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) និងក្នុងនាមជាប្រធានប្រតិភូកីឡារបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះ ខ្ញុំមានកិត្តិយសសូមស្វាគមន៍ប្រតិភូកីឡាដែលចូលរួមក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
លោកបន្តថា ,កម្ពុជាដែលកំពុងមានវត្តមានសព្វថ្ងៃនេះ ដែលប្រជាជនកំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ បានកើតចេញពីការតស៊ូព្យាយាម និងពលិកម្មរាប់មិនអស់ ជាមួយស្មារតីឯកភាពជាតិដ៏រឹងមាំ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រពីគ្រប់កោសិកាសង្គម ជាពិសេសគឺ ប្រជាជនកម្ពុជា។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានអនុញាតិឲ្យបងប្អូនកីឡាករ កីឡាការិនី ជនពិការប្រកួតតំណាងឲ្យប្រជាជន និងប្រទេសជាតិរបស់ខ្លួន ដោយបង្ហាញពីសមត្ថភាព ឆន្ទៈ ការស្រឡាញ់កីឡា និងការតាំងចិត្តដ៏មោះមុតរបស់ពួកគាត់ ដូចនឹងកីឡាករ កីឡាការិនីប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែរ។ ប្រកដណាស់យើងអាចមើលឃើញពីពិការភាពរបស់ពួកគាត់ ប៉ុន្តែមានតែពួកគាត់ទេដែលអាចដឹងច្បាស់ពីឆន្ទៈ មនសិការ ការពុះពារ ដើម្បីសម្រេចគោលបំណង និងក្តីសុបិនរបស់ពួកគាត់ផ្ទាល់។ ក្នុងន័យនេះ យើងត្រូវមើលឲ្យលើសពីរូបរាងកាយខាងក្រៅ ដោយចូលរួមស្វែងយល់ពីបេះដូង និងឆន្ទៈរបស់ពួកគាត់ ហើយរួមគ្នាគាំទ្រស្មារតីដ៏មុះមុតរបស់ពួកគាត់ទាំងអស់គ្នា។ «Look beyond their physics, understand their heart and passion and support their spirit» ៕
ដោយ ៖ សហការី