ព័ត៌មានទាន់ហេតុការណ៍៖

លោកសៅ សុខា អញ្ជើញសម្ពោធឧប្បដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តលង្ការាម ស្ថិតនៅភូមិព្រៃស្វាយ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រៃស្វាយ ស្ថិតនៅភូមិព្រៃស្វាយ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកនាព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣។

ក្នុងឱកាសនោះលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា វត្តព្រៃស្វាយគឺជាវត្តចំណាស់មួយ ដែលមានអាយុកាលយូរលង់ណាស់មកហើយ គឺមានកំណើតតាំងពីឆ្នាំ១៨៤២ ក្នុងសម័យអាណានិគមបារាំងមកម្ល៉េះ មានព្រះគ្រូចៅអធិការព្រះនាម ទេព ជាអ្នកដឹកនាំមើលការខុសត្រូវក្នុងវត្ដទាំងមូល ។ ទីតាំងនេះជាទីតាំងមួយដែលមានដើមស្វាយធំៗជាច្រើនដុះនៅទីតាំងនេះ បន្ទាបមកពុទ្ធបរិស័ទចំណុះជើងវត្តបានមូលមតិគ្នាកាប់ដើមស្វាយមួយចំនួនសម្រាប់កសាងវត្តអារាម ដើម្បីជាទីសក្ការៈបូជា។ វត្តព្រៃស្វាយនេះ គឺជាវត្តមានបារមីស័ក្តិសិទ្ធ ពុទ្ធបរិស័ទ្ធមានជំនឿលើមន្តអាគមអរូបិយណាស់។ នៅក្នុងបរិវេណវត្តនេះដែរ ក្មេងៗជំទង់ជាច្រើន តែងតែនាំគ្នាមករៀនក្បាច់គុន ឬមន្ដអាគមគាថាផ្សេងៗជាច្រើនតំណ។ ដូចនេះហើយទើបព្រះចៅអធិការនិងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រសិទ្ធនាមថា «វត្តព្រៃស្វាយ» រហូតមកដល់បច្ចុប្បន្ន។

លោកបានបន្ថែមថា ទាំងអស់នេះក៏បានមកដោយមានការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ពិសេសក្នុងស្រុករមាសហែក ដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដឹកនាំគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកប្រធាន អនុប្រធាន លោក លោកស្រីក្រុមការងារគ្រប់ថ្នាក់គ្រប់ផ្នែក បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ធនធាន ពេលវេលាដ៏មានតម្លៃ ក្នុងការចុះមូលដ្ឋាន ការសម្ពោធ ការជួប សំណេះសំណាល ការចូលរួមក្នុងសកម្មភាពសង្គម ការទទួលយកសំណើកង្វល់ និងសំណូមពរនានាដើម្បីរួមគ្នាដោះស្រាយ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ ជាការណ៍ពិតណាស់អ្វីដែលយើងទាំងអស់គា្នបាននិងកំពុងធ្វើពិធីនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងចូលរួមចំណែកពី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាល បានជួយកសាងសមិទ្ធផលជាច្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានជួយដោះស្រាយសេវាសំណូមពរនានា ក្នុងនោះសប្បុរសជនក៏បានខ្នះខ្នែង បរិច្ចាគធនធានសម្ភារ ថវិកា ពេលវេលាផ្ទាល់ខ្លួនចូលរួមជួយដោះស្រាយមូលដ្ឋានផងដែរ។  

ជាការណ៍ពិតណាស់វិស័យសុខាភិបាលបាននិងកំពុងកសាងអគារមន្ទីរពេទ្យថ្មីយ៉ាងល្អប្រណីត ការផ្តល់សម្ភារបរិក្ខារពេទ្យ រថយន្តសង្គ្រោះ រិះរកគ្រប់មធ្យោបាយ … ការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ . វិស័យអប់រំបានចូលរួមកសាងការបំពាក់សម្ភារបរិក្ខារ ដល់សាលាគ្រប់កម្រិត កសាងហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ស្ពាន ប្រឡាយទឹក អណ្តូងទឹក..។ល។

លោកបានថ្លែងអំណរគុណដល់លោកសៀ សម្បត្តិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសម្បត្តិមានជ័យ ក៏ដូចជាលោកលោកស្រីអនុប្រធាន ក្រុមការងារក៏ដូចជាបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ទើបកើតនូវសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលជាច្រើនក្នុងវត្ត ដូច្នេះសូមរួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងវត្តព្រៃស្វាយ ឱ្យបានគង់វង្សយូរអង្វែងនាពេលនេះផងដែរ។

លោកក៏បានសង្កត់ធ្ងន់ថា សមិទ្ធផលជាច្រើនបានកសាង នៅក្នុងប្រទេសកម្ពុជា គឺកើតឡើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា បានន័យថាបើគ្មានថ្ងៃ៧មករា ទេយើងគ្មានថ្ងៃនេះហើយក៏មិនអាចមកជួបជុំគ្នាធ្វើបុណ្យទាននាថ្ងៃនេះដែរ។ 

ក្នុងឱកាសនោះ លោកបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច ពិសេសភូមិឃុំមិនមានល្បែងស៊ីសង ភូមិឃុំ មិនមានគ្រោះថ្នាក់ចរាចរណ៍និងសូមថែទាំសុខភាពជាចម្បងពិសេសត្រូវបន្តអនុវត្ត ៣កុំ៣ ការពារ ដើម្បីទប់ស្កាត់ពីជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងវិញ និងនាំគ្នាទៅចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញ តាមការណែនាំរបស់រាជរដ្ឋាភិបាល។

លោកបន្ថែមថា ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ និងស្នើដល់ប្រជាពលរដ្ឋត្រូវពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច ឱ្យទាន់ពេលវេលាពិសេស កុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ដែលមានរូបទេវតា បាចផ្កា ជាសញ្ញាសំគាល់ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖