ខេត្តបន្ទាយមានជ័យ៖ បុរសជាងសំណង់ម្នាក់ ត្រូវរថយន្តកុងតឺន័ររបស់ជនជាតិថៃ បុកហើយកិនបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវចូលស្តង់តាងួនលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
ស្រ្តីជាប្រពន្ធជនរងគ្រោះឈ្មោះ សាន មុំ (ហៅទូច) អាយុ៣៧ឆ្នាំបានឱ្យដឹងថា ជនរងគ្រោះត្រូវជាប្ដីមានឈ្មោះ សេង (ហៅ ក្តាម) អាយុ៤៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តបាត់ដំបង មានកូនប្រុស១ស្រី៣នាក់ស្នាក់នៅផ្ទះជួលបច្ចុប្បន្ន ក្នុងបុរី ធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ប្រពន្ធជនរងគ្រោះបន្តថា ថ្ងៃដែលកើតហេតុ(ប្តី)បានសម្រាកពីការងារចេញពីផ្ទះមួយថ្ងៃទៅហើយមិនដឹងទៅណា លុះមកដល់វេលាកើតហេតុទើបទទួលបានដំណឹងថា ត្រូវរថយន្តកិនស្លាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ខាងលើ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តធុនធំប្រភេទដឹកទូកុងតឺន័ររបស់ជនជាតិថៃ បើកបរក្នុងទិសដៅពីលិចទៅកើត ចំណែកជនរងគ្រោះបើកបរម៉ូតូពីកើតទៅលិចដោយបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើមិនដឹងជាមូលហេតុអ្វីនោះទេ ក៏ត្រូវបានរថយន្តដឹកទូកុងតឺន័ររបស់ជនជាតិថៃបុកនិងកិនបណ្ដាលឱ្យបែកក្បាលស្លាប់តែម្ដង។ ក្រោយពីកើតហេតុភ្លាមរថយន្តបង្កបានព្យាយាមបើកគេចតែត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្ទាក់ចាប់បានយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុង ។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលក្រុងចុះជួយធ្វើអន្តរាគមន៍សម្រួលចរាចរណ៍ដើម្បីជៀសវាងការកកស្ទះ និងធ្វើការវេចខ្ចប់សាកសពដាក់លើរថយន្តផ្ទាល់ខ្លួនរបស់លោក នួន នីគីដា ដឹកយកទៅដាក់នៅក្នុងវត្តថ្មី ក្នុងក្រុងប៉ោយប៉ែត ដើម្បីរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វណ្ណា