ព័ត៌មានទាន់ហេតុការណ៍៖

បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា គណបក្សប្រជាជនកម្ពុជាមានភាពចាស់ទុំ ខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ៖ ប្រសាសន៍ថ្លែងរបស់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះ សំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជ ធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ 

បណ្ឌិត ហ៊ុន ម៉ាណែតបានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាង នយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។ ដូច្នេះ ក្នុងនាមជាយុវជនដែលកំពុងទទួលផ្លែផ្កា និងមនុញ្ញ ផលនៃសុខសន្តិភាព ស្ថិរភាព និងឱកាសគ្រប់បែបយ៉ាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, យើងទាំងអស់គ្នាសូមប្តេជ្ញាបន្តនូវស្មារតី, គំរូវីរ ភាព និងបេសកកម្មដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំគណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

បណ្ឌិត ហ៊ុន ម៉ាណែតបានថ្លែងទៀតថាវឌ្ឍនភាព និងសមិទ្ធផលការងារទាំងអស់នេះ ពិតជាបានបង្ហាញអំពីការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងនាមជាកម្លាំងបន្ត វេនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលអម្រែកភារកិច្ច និងទំនុកចិត្តប្រកបដោយជំនឿជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដែលរាជធានីភ្នំពេញទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ជោគជ័យនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជនចាប់ពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ ក្នុងនោះ យុវជន គឺជាកម្លាំងស្នូលក្នុងបេសកកម្ម និងបុព្វហេតុដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖