ភ្នំពេញ ៖ នារីម្នាក់បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីបានធ្វើដំណើដោយជិះម៉ូតូតាមបណ្តោយមហាវិថី ម៉ៅសេទុង ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់បានបក់បោកដើមឈើមួយដើមបណ្តាលឱ្យបាក់រលំសង្កត់ដោយមែកឈើមុតចំក្បាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយមហាវិថី ម៉ៅសេទុង ត្រង់ចំណុចក្បែរវត្តទួលទំពូង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ មិនស្គាល់ឈ្មោះនោះទេ ភេទស្រី តែធ្វើជាប្រុស អាយុប្រមាណ២៦ឆ្នាំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ហើយគេបានឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា វ៉េវ មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែខ្យល់បានបក់បោក ដើមឈើដែលជាប្រភេទដើមក្ងោកបាក់រលំទៅលើផ្លូវសង្កត់និងមុតចំក្បាលជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងបានចុះមកដល់ចំណុចកើតហេតុ រួចយកម៉ាសុីនអារឈើកាត់ដើមឈើនោះចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍ដែលកំពុងកកស្ទះនៅត្រង់ចំណុចកើតហេតុ ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងជាបណ្តោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា