ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមួយថ្ងៃ NATO បើកសមយុទ្ធបស់ខ្លួន រុស្ស៉ីចាប់ផ្តើមសមយុទ្ធយោធានៅសមុទ្របាល់ ទិក

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃចន្ទនេះប្រទេសរុស្ស៉ីបានប្រកាសថា ខ្លួនបានចាប់ផ្តើមប្រារព្ធការធ្វើសមយុទ្ធយោធាជើងទឹកនៅឯតំបន់សមុទ្របាល់ទិកពោលគឺត្រឹម១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបណ្តាប្រទេសជាសមាជិកអង្គការណាតូ (NATO) បានចាប់ផ្តើមសមយុទ្ធយោធាបាល់ទិកប្រចាំឆ្នាំរបស់ពួកគេ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សម្រាប់ខាង NATO សមាជិកយោធាសរុបខ្ទង់៦,០០០នាក់ រួមជាមួយនាវា៥០គ្រឿង និងយន្តហោះច្រើនជាង៤៥គ្រឿង គឺកំពុងចូលរួមសមយុទ្ធ Baltic Operations 2023 (BALTOPS 23) ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី៤ ខែមិថុនា នៅឯប្រទេសអេស្តូនី។ វាក៏ជាលើកដំបូងផងដែរ ដែលហ្វាំងឡង់បានចូលរួមក្នុងនាមជាសមាជិករបស់ NATO។
រីឯនៅខាងរុស្ស៉ីឯណោះវិញ យោធារុស្ស៉ីបានអះអាងថា នាវាធំនិងតូចសរុប៤០គ្រឿងយន្តហោះ២៥គ្រឿង និងសមាជិកយោធាប្រហែល ៣,៥០០នាក់ ត្រូវចូលរួមក្នុងសមយុទ្ធរបស់ខ្លួននៅសមុទ្របាល់ទិកដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៥ ខែមិថុនា។
នៅថ្ងៃចន្ទនេះ ទីក្រុងមូស្គូក៏បានចាប់ផ្តើមការធ្វើសមយុទ្ធយោធានៅតំបន់ផ្សេងទៀតផងដែរ គឺសមុទ្រជប៉ុន និងសមុទ្រអូខុត (Okhotsk) ដែលនៅតំបន់ចុងបូព៌ារបស់ខ្លួន ហើយមានការចូលរួមពីនាវាចម្បាំង និងនាវាគាំទ្រជាង៦០គ្រឿងមកពីអង្គភាពទ័ពជើងទឹករបស់រុស្ស៉ីប្រចាំតំបន់ប៉ាស៉ីហ្វិក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖