ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ទីក្រុងហុងហឺ សាធារណរដ្ឋប្រជាមានិតចិន និងក្រុងភ្នំពេញ ចង់ផ្លាស់ប្តូរសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ គណៈប្រតិភូទីក្រុងហុងហឺ នៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចង់ផ្លាស់ប្តូរសេដ្ឋកិច្ចទីក្រុងទាំង២ ឲ្យ កាន់តែរីកចំរើន ជាមួយនិងការបង្កើនវិស័យទេសចរណ៍ កាន់តែច្រើនផងដែរ ដើម្បីធ្វើអោយសេដ្ឋកិច្ចប្រទេសទាំង២រីកចំរើនមួយកំរិតថែមទៀត។

    ការបង្ហាញជំហរបែបនេះ បានធ្វើឡើង នារសៀលថ្ងៃទី០៥ មិថុនា ២០២៣  ខណៈគណៈប្រតិភូទីក្រុងហុងហឺ ដឹកនាំដោយលោកស្រី លូ ភីង អភិបាលនៃ រដ្ឋាភិបាលប្រជាជនទីក្រុងហុងហឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារជាមួយជាមួយលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

    លោកស្រី លូ ភីង បានមានប្រសាសន៍ លើកឡើងថា៖ គោលបំណង ដែលលោក ស្រី ជួបពិភាក្សាការងារជាមួយជាមួយលោកឃួង ស្រេង នេះ គឺចង់ផ្លាស់ប្តូរសេដ្ឋកិច្ចនៃទីក្រុងទាំង២ ឲ្យ កាន់តែប្រសើរឡើង។   ទីក្រុងហុងហឺនិងនៅកម្ពុជាមានផលិតផល ក្នុងស្រុកប្រហាក់ប្រហែលគ្នា ដែលទាមទារអោយមានកិច្ចសហការកាន់តែល្អថែមទៀត ពិសេសទៅលើវិស័យកសិកម្មនិងទេសចរណ៍ ។

លោកស្រីបញ្ជាក់ថា កសិផលដែលប្រទេសកម្ពុជាមាន និងត្រូវប៉ាន់នៅប្រទេសចិននោះគឺ ធុរ៉េន មៀន និងចេក ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីក៏ចង់នាំកសិផលនៅប្រទេសចិន ដែលមានបន្លែផ្លែឈើ ចូលមកកម្ពុជាផងដែរ ។ បន្ថែមពីនេះដោយមើលឃើញថា នៅកម្ពុជាមានតំបន់ទេសចរណ៍ច្រើន លោកស្រីនិងជួយផ្សព្វផ្សាយ ដើម្បីអោយពលរដ្ឋចិន ពិសេសពលរដ្ឋនៅទីក្រុងហុង ហឺមកលេងនៅប្រទេសកម្ពុជាអោយកាន់តែច្រើនឡើង។ ជាមួយគ្នានោះ លោកស្រី លូ ភីង ក៏បានអញ្ជើញ ប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុង ហុង ហឺផងដែរ បើមានពេលវេលាគ្រប់គ្រាន់ណាមួយ។

   លោក ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅរាជធានីភ្នំពេញ ពិសេស ការរាតត្បាតជម្ងឺកូវីដ-១៩។ប៉ុន្តែ ក្រោមការដឹកនាំសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជាអាចទប់ស្កាត់ជម្ងឺនេះបាន និងបានបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជាប្រក្រតីឡើងវិញថែមទៀត។

  លោក ឃួង ស្រេង បានបន្តទៀតថា លោកចង់ឱ្យប្រជាពលរដ្ឋនៅទីក្រុងហុង ហឺនៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកទេសចរណ៍នៅកម្ពុជាឲ្យបានច្រើន ដោយកម្ពុជាមានតំបន់ទេសចរណ៍ច្រើន មានប្រាសាទបុរាណ នៅតាមខេត្ត ពិសេ នៅខេត្តសៀមរាប ហើយនៅរាជ្យភ្នំពេញ ក៏ជាតំបន់ដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរព្រោះជាទីក្រុងដែលមានវ័យចំណាស់ និងជាទីក្រុងដែលស្ថិតនៅចំមុខទន្លេមុខបួនថែមទៀត។

  ចំពោះការលើកឡើងរបស់លោកស្រីពាក់ព័ន្ធនឹងការបង្កើនសេដ្ឋកិច្ចនៃទីក្រុងនៃប្រទេសទាំងពីរ លោក ឃួង ស្រេង នឹងជំរុញឲ្យការនាំចេញ ធុរ៉េន មៀន និងចេក ទៅកាន់ប្រទេសចិនឲ្យកាន់តែច្រើន ជាមួយនឹងការជំនុញឲ្យមន្ទីរពាក់ព័ន្ធធ្វើទំនាក់ទំនងជាមួយនឹងក្រុមការងារប្រតិភូរបស់ទីក្រុងហុងហឺ ដើម្បីសហការជំរុញវិស័យខាងលើនេះឲ្យដំណើរការអោយកាន់តែល្អ៕

ដោយ ៖ សំរិត


ចែករំលែក៖