ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូនិងសម្ភារមួយចំនួន នៅក្នុងមូលដ្ឋាន

ចែករំលែក៖

   ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជាក់ស្តែងលួចម៉ូតូ និងសម្ភារមួយចំនួនបានសម្រេចតែរត់មិនរួច នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០នាទី ត្រង់ចំណុចយានដ្ឋានយីហោប៊ុន ថង ស្ថិតនៅផ្ទះលេខ២៦ ក្រុម៥ ផ្លូវលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។     

ជនរងគ្រោះឈ្មោះថុល គឹមសេង ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះលេខ២៦ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

  លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់៖

១ -ឈ្មោះជា ភារុណ ហៅរុណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

    ២ -ឈ្មោះ មាស រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

+ សម្ភារដកហូតបានមានធុងបាស់ចំនួន០១

+ សម្ភារបាត់បង់មាន៖

– ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JI-4728 ពណ៌ខ្មៅ

-ទូរស័ព្ទដៃ ០២គ្រឿង(ម៉ាកអុបប៉ូនិងវីវូ៉)

-អាគុយ ០១គ្រឿង(មិនចាំម៉ាក)។

 លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះឈ្មោះ ថុល គឹមសេង បានអង្គុយហូបស្រាបៀរជាមួយនឹងកម្មករដូចគ្នានៅយានដ្ឋានខាងលើ។ ក្រោយមកបាននាំគ្នាចូលសម្រាកដោយមិនបានបិទទ្វាររបងត្រឹមត្រូវ ។ លុះមកដល់វេលាម៉ោង០០និង៣០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះជា ភារុណ និងឈ្មោះមាស រតនា បានជិះម៉ូតូតាមផ្លូវឃើញឱកាសស្ងាត់បានចូលធ្វើសកម្មភាពលួចតែម្តង។ ពេលធ្វើសកម្មភាពលួចបានហើយបានយកម៉ូតូនិងសម្ភារខាងលើ លក់បានប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារ)ចែកគ្នាស្មើ។  ចំពោះធុងបាស់ជនសង្ស័យឈ្មោះជា ភារុណ បានយកទៅប្រើប្រាស់នៅផ្ទះ។ ក្រោយពីទទួលពាក្យបណ្ដឹងមក កម្លាំងសមត្ថកិច្ចជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបាន និងដកហូតវត្ថុតាងខាងលើនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង០០នាទី នៅចំណុចភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ។  បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងកម្លាំងជំនាញ ខណ្ឌ-ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖