ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងថ្ងៃរសៀល ប្រទះឃើញម៉ូតូមួយគ្រឿងក្នុងប្រឡាយទឹកដែលជនសង្ស័យយកមកប្លុងចោល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃរសៀលដល់ក្មេងៗឃ្វាលក្របីនិងអ្នកភូមិប្រទះឃើញម៉ូតូមួយគ្រឿងក្នុងប្រឡាយទឹកដែលជនសង្ស័យយកមកប្លុងចោល ហើយភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងស្វាយរៀង។

    ហេតុការណ៍ប្រទះឃើញម៉ូតូនៅក្នុងប្រឡាយទឹកនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចខាងក្រោយអាហារដ្ឋាន នីចាន់ នីសា ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ម៉ូតូដែលប្រទះឃើញម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ដែលពេលនេះសមត្ថកិច្ចកំពុងស្វែងរកម្ចាស់ម៉ូតូនៅឡើយ។

    ប្រភពបន្តថា មានប្រជាពលរដ្ឋប្រទះឃើញម៉ូតូ១គ្រឿងនៅក្នុងប្រឡាយទឹកត្រង់ចំណុចខាងក្រោយអាហារដ្ឋាន នីចាន់ នីសា ទើបសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយតឿ ចុះដល់កន្លែងកើតហេតុហើយក៏ឃើញម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខដែលជនសង្ស័យបានប្លុងចោល។

    បច្ចុប្បន្នសមត្តកិច្ចនគរបាលបានអូសយកម៉ូតូនេះមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូបន្តទៀត៕

ដោយ៖ សុថាន


ចែករំលែក៖