ខេត្តសៀមរាប៖ បុរសម្នាក់ដែលគេស្គាល់ជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តសៀមរាប បានផឹកស្រាស្រវឹងក៏បានទាស់ពាក្យសម្ដីជាមួយឪពុកមា រហូតឈានដល់ការផ្ទុះអាវុធជាង១០គ្រាប់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩និង៥៨នាទីយប់ថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។
បុរសដែលស្រវឹងហើយផ្ទុះអាវុធមានឈ្មោះ លួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ស្នងការខេត្តសៀមរាប រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចំណែកឪពុកមា ឈ្មោះ រស់ រំ អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើបានផឹកស៊ីជាមួយឪពុកមា។ បន្ទាប់ពីផឹកស្រាស្រវឹង ក៏បានទាស់ពាក្យសម្ដីជាមួយឪពុកមា ហើយក្រោយទាស់ពាក្យសំដីបុរសខាងលើ ក៏បានជិះម៉ូតូទៅយកកាំភ្លើង AK នៅកន្លែងធ្វើការ។ មួយសន្ទុះក្រោយមកបានយកមកបាញ់ទៅលើ គំរាមទៅលើឪពុកមា ជាច្រើនគ្រាប់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានស្នងការខេត្តសៀមរាប ឃាត់ខ្លួនយកទៅដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សូរិយា