ព័ត៌មានទាន់ហេតុការណ៍៖

ស្តាប់ចម្លើយសារភាពក្រុមចោរប្លន់មាស​នៅផ្សារស្ទឹងមានជ័យកាលពីកន្លងមកពិត​ជាមិនធម្មតា​មែន

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរប្លន់មាសនៅផ្សារស្ទឹងមានជ័យកាលពីខែឧសភាកន្លងទៅគឺជាមុខសញ្ញាចាស់ដែលពួកគេធ្លាប់ប្រព្រឹត្តបែបនេះម្ដងរួចមកហើយ។ ពួកគេមិនញញើតក្នុងការប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមនោះទេ។ ពាក់ព័ន្ធនឹងករណីប្លន់មាសនៅផ្សារស្ទឹងមានជ័យចាស់តើពួកគេរៀបផែនការយ៉ាងដូចម្ដេចខ្លះ?

លោក អួ​ង វុ​ទ្ធា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៤ មិថុនា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ដែល​ជា​មុខសញ្ញា​ប្លន់​អាជីវករ​លក់​មាសនិង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ ដាក់​ពន្ធនាគារ​ជា​បណ្តោះ អាសន្ន ដោយពួកគេបានឆ្លើយសារភាពប្រាប់ពីរឿងរ៉ាវទាំងអស់ ។

ក្នុង​នោះជនសង្ស័យ​៦​នាក់ ​រួម​ទាំង​មេ​ខ្លោង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទលួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់​កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ចំណែក​២​នាក់​ទៀត​ ចោទ ប្រកាន់​ពី​បទទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់ទោស និង​សន្និធិ​អាវុធ​គ្រឿងផ្ទុះ​ប្រព្រឹត្ត​នៅ​ខាងក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ភូមិ​ថ្មី សង្កាត់​មាន​ជ័យ​១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ កាលថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ បទល្មើស​ ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិមាត្រា ២១៨ មាត្រា ៣៥៣ មាត្រា ៣៥៧ និង​មាត្រា ៤៩០ និង​មាត្រា ៣៩៩មាត្រា៤០១នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ទាំង​៨​នាក់​មាន ៖

១-​ឈ្មោះ គឹ​ម សុធា​រ៉ា ហៅ គឹ​ម ចិន្តា ហៅ​គឹ​ម វាសនា ហៅ​ផល ធា​រ៉ា ហៅ ផេង ហៅ​ហ្វី និង​ហៅ​៧៧ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​ជា​មេ​ក្លោ​ង និង​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្តកំពត​ជាង​១០​ឆ្នាំ​ពី​បទ​.​ប្លន់​) មានស្រុក​កំណើត​នៅ​ភូមិ​អូរ​គ្រៀ​ត ឃុំ​មោង ស្រុក​មោងឬ​ស្សី ខេត្តបាត់ដំបង មុន​ពេល​ចាប់ខ្លួន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។

២-​ឈ្មោះ សុខ សំណាង ហៅ​អាង ហៅ​៥៥ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកលក់ផ្លែឈើ(ជាជនដល់​ដៃ​ជិះ​ម៉ូតូឌុប​មេ​ក្លោ​ង​ធ្វើ​សកម្មភាព​) មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ជ្រុំ ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ (​ធ្លាប់​ជាប់​ពន្ធនាគារ​) ។

៣-​ឈ្មោះ សួង សាន ហៅ​តាន់ ហៅ​ម៉ៅ ហៅ​៣៣ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប (​ជា​ជន​ដៃដល់​) មាន​ទីលំនៅ​ភូមិ​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ (​ធ្លាប់​ជាប់​ពន្ធនាគារ​) ។

៤-​ឈ្មោះ ចាន់ តាក់ ហៅ​ជា ហៅ​៦៨ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​ជន​ដៃដល់​) មានស្រុក​កំណើត​នៅ​ភូមិ​បុស្ស​មន ឃុំ​រំដួល ស្រុក​រំដួល ខេត្តស្វាយរៀង មុន​ចាប់ខ្លួន​ស្នាក់ នៅ​ភូមិ​.​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល (​ធ្លាប់​ជាប់​ពន្ធនាគារ​) ។

៥-​ឈ្មោះ​យី បូ​ឡី ហៅ​៧៤ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី (​មាន​ភារកិច្ច​ចាំ​ឃ្លាំមើល​ជន​រង​គ្រោះ​) មាន​ទីលំនៅ​ភូមិ​កំ​បូល ឃុំ​កំ​បូល ស្រុក​អង្គស្នួល ខេត្តកណ្តាល មុន​ចាប់ខ្លួន​ស្នាក់​នៅផ្ទះ​ជួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

៦-​ឈ្មោះ ម៉ៅ មន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​បោក​អ៊ុតខោអាវ (​មាន​ភារកិច្ច​រក្សា​ទុក​អាវុធ​សម្រាប់​ចេញ​ប្លន់​) មានស្រុក​កំ ណើ​ត​នៅ​ភូមិ​តាំង​រលាំ ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

៧-​ឈ្មោះ ស៊ឹ​ម ប៊ុ​ន​ធឿ​ន ហៅ​សុង ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ មុខ របរ​មិន​ពិតប្រាកដ (​មាន​ភារៈកិច្ច​ចាំ​មើលផ្លូវ​ជន​រង​គ្រោះ និង​ឲ្យ​ជា​សញ្ញា​ទៅ​បក្ខពួក​ធ្វើ​សកម្មភាព​) មានស្រុក​កំណើត​នៅ​ភូមិ​-​ឃុំ ស្រុក​គិរី​វង្ស ខេត្តតាកែវ ។

៨-​ឈ្មោះ កាយ គឹ​ម​លី​ន ហៅ​លី​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់​ទូរ​ស័ព្ទដៃ (​ជា​អ្នក​ចាំ​ទទួល​ទិញ​ផល​ចោរកម្ម​) មានស្រុក កំណើត​នៅ​ភូមិ​.​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មុន​ចាប់ ខ្លួន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់​ចាម ។

ជនសង្ស័យ​ទាំងអស់​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ប្រហាក់ប្រហែល​គ្នា​ថា ​​ពួក​គេ​គឺជា​មុខសញ្ញា​ចាស់ ធ្លាប់​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​នេះ​ម្តង​រួច​មក​ហើយ កាលពី​ជាង​១៤-១៥​ឆ្នាំ​មុន ។ ក្រោយ​ពី​ធ្វើ​សកម្ម ភាព​នោះ​មក ខ្លួះ​ជាប់​ពន្ធនាគារ ខ្លះ​រួច​មក​វិញ ប្រកប​មុខរបរ​រកស៊ី​ធម្មតា ប៉ុន្តែ​មក​ដល់​ពេល​ថ្មី​នេះ​មេ​ក្លោ​ង​ឈ្មោះ គឹ​ម សុធា​រ៉ា ហៅ​ហ្វី ហៅ​៧៧ ជា​អ្នក​ផ្តើម​គំនិត​ប្រ​ម៉ែ​ប្រមូល​បក្ខពួក​ជា​មុខសញ្ញា​ចាស់​មក​វិញ ដើម្បី​រៀប​ផែនការ​ប្លន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ម្តងទៀត ។

តាម​ចម្លើយ​បន្ត​ថា ពេល​ប្រមូល​បាន​បក្ខពួក​ហើយ មេ ខ្លោង​ចាប់ផ្តើម​ដើរ​រក​ទិញ​អាវុធ​ខ្លី​ចំនួន​៤​ដើម សម្រាប់​បំពាក់​ឲ្យ​ជន​ដៃដល់​កាន់​ពេល​ចេញ​ធ្វើ​សកម្មភាព​ប្លន់ និង​បាន​ចាត់តាំង​បក្ខពួក​២​នាក់ ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី និង​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​ឲ្យ​ទៅ​អង្គុយ​ចាំ​នៅ​មុខ​ផ្ទះ​មើល​ជន​រង​គ្រោះ​ចេញចូល និង​ធ្វើ​ជា​សញ្ញា ដើម្បី​ឲ្យ​បក្សពួក​៤​នាក់​ដែល​ជិះ​ម៉ូតូ​២​គ្រឿង កាន់​អាវុធ​គ្រប់​ដៃ​ចូល​ទៅ​ប្លន់​តែ​ម្តង ។

គំរោងការ​បាន​រៀបចំ​រួចរាល់​ហើយ ហើយ​ក៏​បាន​ចេញ​ទៅ​ធ្វើ​សកម្មភាព​តាម​ជំនាញ​រៀងខ្លួន​ចំនួន​៤​លើក ប៉ុន្តែ​មិន​បាន​សម្រេច លុះ​ចុង​ក្រោយ​លើក​ទី​៥ គឺ​បាន​ជោគជ័យ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ។ នៅ​ក្នុង​សកម្មភាព​ភាព​នោះ​ពួក​គេ​ចំនួន​៤​នាក់ បាន​ជិះ​ម៉ូតូ២​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​១​គ្រឿង ប្រដាប់​ដោយ​អាវុធ​ខ្លី​ចំនួន​៤ ដើម​ទៅ​ធ្វើ​សកម្មភាព​វាយ និង​បាញ់​គំរាម​ចំនួន​២ គ្រាប់​ប្លន់​យក​កាបូប ស្ពាយ​ដែល​មាន​មាស​ចំនួន​១២ តម្លឹង ផ្លា​ក​ទី​ន​ទឹក​៣ និង​ទឹក​៧​ចំនួន​១០០ តម្លឹង​ប្រាក់​ចំនួន​ជាង១​លាន​រៀល ។ ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នោះ​មានឈ្មោះ អ៊​ន ហៀ​ក ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៨ ផ្លូវលំ ភូមិ​ថ្មី​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ បាន​រង​របួស​ផង​ដែរ ។

ពេល​ប្លន់​បាន​សម្រេច​ហើយ ពួក​គេ​នាំ​គ្នា​ជិះ​គេចខ្លួន​ទៅ​តាម​បណ្តា​ខេត្ត ដំបូង​ចេញ​ទៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដើម្បី​យក​កាំភ្លើង​ទៅ​លាក់​ទុក​ផ្ទះ​បក្ខ​នៅ​ទី​នោះ ។ បន្ទាប់​មក ពួក​គេ​ក៏​បាន​ទាក់ទង​ទៅ​បក្សពួក​ដែល​រង់ចាំ​ទទួល​ទិញ​ផល​ចោរកម្ម ឡើង​ពី​ខេត្តកំពង់ចាម មក​ជួប​គ្នា​នៅ​ភ្នំពេញ ទិញ​លក់​គ្រឿងអលង្ការ​ដែល​ប្លន់​នោះ ។

ករណី​ខាងលើ​នេះ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយ​កា​រិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជន សង្ស័យ​ទាំង​៨​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​បាន​សហការ​ជាមួយ​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល ខេត្តកំពង់​ចាម និង​ស្នងការ​ខេត្តកំពង់ស្ពឺ​ស្រាវជ្រាវ និង​បង្ក្រាបឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជា​បន្ត បន្ទាប់​ក្នុង​រយៈ​ពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែឧសភា ឆ្នាំ​២០២៣ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​គ្រឿង​អលង្ការ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ឆ្នាំ ២០២៣​នោះ ។

យោង​តាម​ចម្លើយ ជនសង្ស័យ​សុទ្ធ​សឹង​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ធ្វើ​សកម្មភាព និង​ធ្លាប់​ជាប់ពន្ធនាគារ​ពី​បទប្លន់ ប្រដាប់​ដោយ​អាវុធ ដែល​ចាត់​ថា ពួក​គេ​ពិតជា​មិន​រាងចាល ដូច្នេះ​ពេល​នេះ​គួរ​តែ​ច្បាប់​តម្រូវ​​ដាក់ទោស​ទៅ​លើ​ជនសង្ស័យ​ទាំង​៨​នាក់​នោះ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជាទី​បំផុត ៕

ដោយ៖ សូរិយា


ចែករំលែក៖