ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន អ្នកណាក៏ដោយឱ្យតែបានប្រព្រឹត្តិបទល្មើសកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់ គឺត្រូវអនុវត្តមានវិធានការច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  កត់សម្គាល់ថាខណៈជិតបោះឆ្នោតម្តងៗ គឺតែងតែមានជនឆ្លៀតឱកាសកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់។ សម្តេចតេជោក៏បានដឹងថា មន្ត្រីមួយចំនួនគឺនៅពីក្រោយខ្នងករណីនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា អ្នកមានអំណាច និងអ្នកមានលុយមួយចំនួនក៏បានប្រព្រឹត្តិករណីកាប់ទន្ទ្រានដីរដ្ឋ។

សម្តេចថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាស្ថិតក្នុងខណ្ឌជ្រោយចង្វានាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ថា៖ «អ្នកមានអំណាចរបស់យើងមួយចំនួន ក៏ទៅធ្វើរឿងហ្នឹងដែរ អ្នកមានលុយមួយចំនួន ទៅជួលមនុស្ស (ពលរដ្ឋ) ទៅកាប់ដែរ រួចហើយឱ្យលុយទៅ ថ្ងៃក្រោយយកឈ្មោះប្រជាជនទៅពាំង រដ្ឋធ្វើសម្បទានឱ្យ ដីហ្នឹងមិនមែនបានទៅប្រជាជនឯណា គឺបានទៅអ្នកមានលុយ»។

សម្តេចតេជោបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ អាជ្ញាធររាជធានីខេត្ត ទប់ស្កាត់ និងចាត់វិធានការលើករណីនេះឱ្យបានតឹងរ៉ឹង ហើយសម្តេចគូសបញ្ជាក់ថា ទោះមន្ត្រី ឬអ្នកមានអំណាចធំយ៉ាងណាក៏ដោយក៏សម្តេចមិនយោគយល់នោះទេ គឺនឹងធ្វើទៅតាមច្បាប់ដូចគ្នា។

សម្តេចថ្លែងថា៖ «មន្ត្រីមួយចំនួនពាក់ព័ន្ធរឿងនេះ សូមកុំបន្ទោស ហ៊ុន សែន យើងមិនអាចទុកឱ្យនៅក្របខណ្ឌរដ្ឋ ឬក្របខណ្ឌយោធា នគរបាល រៀបទាំងមន្ត្រីតុលាការ ខ្ញុំអត់បានតុលាការ ខ្ញុំចាប់មន្ត្រីខូចតើ»។

សម្តេចតេជោ បានអះអាងថា ទោះបីអ្នកក្រ និងអ្នកមានក៏ដោយឱ្យតែបានប្រព្រឹត្តិបទល្មើសកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់ គឺត្រូវអនុវត្តមានវិធានការច្បាប់។ សម្តេចថ្លែងថា៖ «អ្នកណាក៏ដោយ ទោះបីក្រ មានក៏ដោយ នេះជាដីរបស់រដ្ឋ ព្រៃឈើរបស់ជាតិ មិនអាចធ្វើរពៀសៗបានទេ»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាដាច់ណាត់ឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម ពិសេសអាជ្ញាធរដែនដីត្រូវសហការចុះបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានព្រៃឈើ ការរំលោភយកដីរដ្ឋ ឬរំលោភយកដីអ្នកដទៃឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ទោះបីជិតដល់ពេលបោះឆ្នោតក៏ដោយ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា ឱ្យតែជិតដល់ពេលបោះឆ្នោត គឺតែងតែកើតមានអំពើលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ ប៉ុន្តែអាណត្តិនេះមិនត្រូវថ្នាក់ថ្នមដើម្បការពារសន្លឹកឆ្នោតនោះឡើយ ពោលគឺត្រូវការពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឱ្យតែដល់រដូវបោះឆ្នោតមកដល់​ គឺតែងតែមានការកាប់ទន្ទ្រានព្រៃ ការរំលោភយកដីរដ្ឋ ឬចាប់យកដីគេឯង ពីសំណាក់ជនខិលខូច ឱកាសនិយម ឬក្រុមអ្នកមានលុយ មានអំណាច។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ឥឡូវកាប់ច្រើននៅខេត្តពោធិ៍សាត់ យប់មិញចៅហ្វាយខេត្តបានបញ្ជូនរឿងនេះមកខ្ញុំ។ មានខេត្តមួយចំនួនទៀតក៏បានបញ្ជូនព័ត៌មានមកថា មានក្រុមខ្លះកាប់ព្រៃយកដី ហើយបើកាលណាយើងធ្វើសកម្មភាពចុះបង្ក្រាប គឺគេថតយកទៅបំផ្លាញយើងក្នុងពេលឃោសនាបោះឆ្នោត»៕

ដោយ ៖ សហការី


ចែករំលែក៖