ភ្នំពេញ៖ នៅថ្ងៃទី ៦-៧ ខែមិថុនា ឆ្នាំ ២០២៣ សាកល វិ ទ្យាល័យ ប៊ែល ធី អន្តរជាតិ បានរៀបចំសន្និសីទ កិច្ច សហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី លើកទី៦ ឆ្នាំ ២០២៣ BICC2023-ប៊ី អាយ ស៊ី ស៊ី ២០២៣ (The 6th BELTEI International Collaboration Conference 2023) ក្រោមប្រធាន បទ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស” ក្រោមអធិបតី ភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងដោយ មាន ការអញ្ជើញ ចូលរួម និងធ្វើបទបង្ហាញ ពី សាកល វិទ្យាល័យ ដៃគូចំនួន ៣៤ មក ពី ១៥ប្រ ទេស ជុំវិញពិភពលោក ជូនដល់និស្សិតសាកលវិទ្យាល័យ និងសិស្សសាលា ប៊ែលធី អន្តរជាតិ សរុបជាង ៥,០០០នាក់។
ឯកឧត្តម លី ណាវុឌ្ឍ សាកល វិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន មានប្រ សាសន៍ ថា BICC គឺជាសន្និសីទលក្ខណៈអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោល បំ ណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បី រួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៧ចំណុចសំខាន់ៗ៖
១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧- ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។
នៅក្នុងពិធីបើកសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ទូច អៀង និងកញ្ញា ហេង ហ្គ្រេចហ៊ុង ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Guilin of Technology នៃប្រទេសចិន ព្រមទាំងការសម្តែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងជោគជ័យ និងបានបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចលើគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។ ជាពិសេសភាពជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
ឯកឧត្តម បណ្ឌិត បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានសិក្សាទាំង៣៤ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទBICC ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត ក៏ បាន លើកទឹកចិត្តដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់ បន្តចូលរួមសន្និសីទ BICC 2024 ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត ៕
ដោយ៖ ជីណា