ព័ត៌មានទាន់ហេតុការណ៍៖

( គ.ជ.ប ) អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយដែលផ្ទុយនឹងច្បាប់ ក្នុងចេតនារារាំងដល់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ការចេញមកអំពាវនាវរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីឃើញការចែកចាយនូវសារជារូបភាព និងវីដេអូរបស់បុគ្គលមួយចំនួនតាមបណ្ដាញសង្គម ដោយពួកគេបានឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឲ្យទៅបោះឆ្នោត ព្រោះតែគ្មានគណបក្សភ្លើងទៀនក្នុងបញ្ជីបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កំពុងដំណើរការឃាំងរលូន រៀបចំការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ ស្របតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គល មួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្តបណ្ណ រូបភាព ឬស្សិតឃោសនានានា តាមបណ្តាញ ព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត… ព្រោះ គ្មានគណបក្ស ភ្លើងទៀន។ គ.ជ.ប សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ៖

១. ការដែល គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការអនុវត្តច្បាប់ ហើយសូមជ្រាបថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ ដោយ គ.ជ.ប បានអនុវត្តដោយស្មើភាព និងគ្មានការរើសអើងចំពោះគ្រប់គណបក្ស នយោបាយ។

២.យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិត ដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ៖

-រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត

– ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ 

– បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន។

ជាងនេះទៀត យុទ្ធនាការនេះ គឺជាសកម្មភាពដែលប្រាសចាកទៅនឹងព្រះរាជសារអំពាវនាវ ឱ្យទៅបោះឆ្នោតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងខ្លឹមសារខ្ញុំ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅ លើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី ។

លើសពីនេះទៀត ចំណុចទី១ មាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប * គ.ជ.ប ចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោត ដោយសម្ងាត់”។ ទន្ទឹមនឹងនេះ គ.ជ.ប សូមអំពាវនាវ ៖

– ដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលផ្ទុយពីខ្លឹមសារនៃច្បាប់។

ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ពីព្រោះជាឱកាសតែមួយគត់ រៀងរាល់៥ឆ្នាំម្ដង ដើម្បីជ្រើសរើស ថ្នាក់ដឹកនាំរបស់យើង និងជាប្រយោជន៍សម្រាប់អនាគតយើងផ្ទាល់។

គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភ លើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

គ.ជ.ប សង្ឃឹម និងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្តតាមការអំពាវនាវនេះឱ្យ មានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖