ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈមានរថយន្ត ឡិចសុីស បើកបុកពេញទំហឹង!

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះកង់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តបុកពេញទំហឹងនៅវេលាម៉ោង១៧ និង៥នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ និងតាមបណ្តោយផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា  នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់ឈ្មោះ ឆា នុន អាយុ៨ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានជិះកង់មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានរថយន្តLEXUS RX300ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាក ភ្នំពេញ 2R-4209 បើកបរដោយបុរសម្នាក់ឈ្មោះ ស្រូយ គឹមហ៊ីង អាយុ ៣៧ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកក្នេងជិះកង់ពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង ធ្វើកំណត់ហេតុប្រគល់សពអោយអាណាព្យាបាលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖