ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តលើកកម្ពស់ស្មារតីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាខប លីមីធីត បានបន្តប្តេជ្ញាជួយលើកកម្ពស់ស្មារតីនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ដែលបានរៀបចំដំណើរទស្សនកិច្ច លើកបន្ថែមទៀតសម្រាប់កុមារ ១១៤ នាក់មកពីអង្គការមិនស្វែងរកប្រាក់ចំណេញ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ស្មារតីនៃព្រឹត្តការណ៍កីឡាប្រវត្តិសាស្ត្រ និងគាំទ្រដល់ប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង។

ដើម្បីគាំទ្រ និងអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាតរួមទាំងផ្ទាំងសម្រាប់សាធារណជនថតរូប និងព្រះអគ្គីជ័យដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះត្រូវបានដាក់ដំឡើងក្នុងខែឧសភាព និងតាំងបង្ហាញរហូតដល់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៣។

កាលពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ច បន្ថែមទៀតមកកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន សម្រាប់កុមារមកពីអង្គការជួយសង្គ្រោះជនអស់សង្ឃឹមនិងអង្គការបែងចែកមូលនិធិរួមទាំងកុមារដែលមានពិការភាពរាងកាយផងដែរ។ទស្សនកិច្ចនេះ មានគោលបំណងចង់ឱ្យកុមារសិក្សាស្វែងយល់អំពីកីឡា ស្រឡាញ់កីឡា និងមានមោទកភាពចំពោះជាតិកាន់តែខ្លាំង។បន្ទាប់ពីទស្សនកិច្ច ពួកគេត្រូវបាននាំទៅសាលប្រជុំនៅក្នុងអគារណាហ្គាវើលដ៍ដើម្បីស្តាប់បទបង្ហាញពាក់ព័ន្ធនឹងកីឡាអាស៊ានប៉ារ៉ាហ្គេមនិងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានបង្ហាញអំពីអារម្មណ៍រីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានចំណេះដឹងអំពីកីឡាអាស៊ានប៉ារ៉ាហ្គេម ទទួលបានសម្ភារសិក្សា និងឈ្នះរង្វាន់ពីណាហ្គាវើលដ៍។

លោក ឆាត ថុន នាយកអង្គការជួយសង្គ្រោះជនអស់សង្ឃឹម បាននិយាយថាកុមាររបស់យើងពិតជារីករាយយ៉ាងខ្លាំងចំពោះការទស្សនកិច្ច និងការធ្វើបទបង្ហាញដែលរៀបចំយ៉ាងពិសេសសម្រាប់ពួកគេ។ វាជាបទពិសោធន៍ថ្មី ហើយខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានបង្កើតឱកាសនេះដល់ពួកយើង។ យើងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនទៀតក្នុងពេលអនាគត

សកម្មភាពបែបអប់រំនេះ បានបញ្ចប់ប្រកបដោយភាពរីករាយជាមួយនឹងការថតរូបជុំគ្នានៅលើសួនខណៈកុមារទាំងអស់ទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នៅពេលត្រឡប់ទៅអង្គការរបស់ពួកគេវិញ។

សូមរំឭកថា កាលពីចុងខែឧសភានេះថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ចលើកទី១ ដើម្បីជួយលើកកម្ពស់ស្មារតីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាមួយកុមារ ១៤៩ នាក់មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ។ ក្នុងខណៈពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគាំទ្រដោយធានាថាកុមារដែលមានប្រវត្តិផ្សេងៗគ្នាមានឱកាសស្មើៗគ្នាក្នុងការចូលរួមសកម្មភាពបរិយាបន្ន។

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងដំណើរការការងារសង្គមដោយផ្តោតទៅលើសសរស្តម្ភចំនួនគឺ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានកុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៨.០០០ នាក់បានទទួលប្រយោជន៍ពីគំនិតផ្តួចផ្តើមទាំងនេះ៕

ដោយ៖តារា

បុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ចែករំលែកព័ត៌មានអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដល់កុមារមកពីអង្គការមិនស្វែងរកប្រាក់ចំណេញអំឡុងពេលទស្សនកិច្ចនៅសួនច្បារសម្តេចតេជោ​ ហ៊ុន សែន ។

កុមារ ទទួលបានសម្ភារសិក្សា និងឈ្នះរង្វាន់ពីកម្មវិធីសំណួរចម្លើយពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលបានធ្វើឡើងនៅសាលប្រជុំនៅណាហ្គាវើលដ៍ទី១។

កុមារថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១។


ចែករំលែក៖