យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃទី៧ ខែមិថុនាថា កងកម្លាំងរបស់ខ្លួនបានរឹបអូសអាវុធអ៊ុយក្រែនដ៏កម្រនិងមានតម្លៃបំផុតក្នុងអំឡុងពេលប្រយុទ្ធនៅជិតភូមិ Novaya Tavolzhanka ក្នុងតំបន់ Belgorod ។
អាវុធដែលទទួលបានគឺ PD-100 Black Hornet Nano ដ្រូនឈ្លបយកការណ៍របស់អង់គ្លេស។ គេហទំព័រព័ត៌មាន Avia.pro បានផ្សាយថា ការប្រយុទ្ធគ្នាបានកើតឡើងបន្ទាប់ពីកងកម្លាំងពិសេសរុស្ស៊ីបានធ្វើការវាយឆ្មក់ប្រឆាំងនឹងកងវរសេនាតូច Kraken របស់អ៊ុយក្រែន។
យន្តហោះគ្មានមនុស្សបើក Nano PD-100 Black Hornet របស់អង់គ្លេសដែលត្រូវបានគេស្គាល់ថា “Black Wasp” គឺជាឧបករណ៍យោធាពិសេសមួយដែលបច្ចុប្បន្នកំពុងត្រូវបានស្រាវជ្រាវ ស្វែងយល់ដោយអ្នកជំនាញរុស្ស៊ី។ នេះគឺជា UAV តូចមួយដែលត្រូវបានរចនាឡើងដើម្បីអនុវត្តបេសកកម្មឈ្លបយកការណ៍សម្ងាត់។ ទំហំរបស់វាតូចប៉ុនបាតដៃរបស់អ្នក។ UAV នេះមានប្រវែង 100mm ទម្ងន់ 16g អង្កត់ផ្ចិតនៃ propeller 120mm។
UAV នេះត្រូវបានបំពាក់ដោយ propeller ដែលមានសមត្ថភាពប្រតិបត្តិការស្ងាត់ ដូច្នេះវាត្រូវបានគេប្រើប្រាស់ជាញឹកញាប់ដើម្បីឈ្លបយកការណ៍ខាងក្នុងអគារ។ Black Hornet អាចចូលតាមបង្អួច ឬរន្ធជញ្ជាំងដោយស្ងាត់ៗ ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់សង្គ្រាមក្នុងទីក្រុង។ គុណវិបត្តិតែមួយគត់របស់វាគឺថ្មរបស់វាខ្លីប្រហែល 25 នាទីប៉ុណ្ណោះ។ បច្ចុប្បន្នរុស្ស៊ីមិនមាន UAVs បែបនេះនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនទេ ដូច្នេះការរឹបអូសយក Black Hornet អាចជួយអ្នកស្រាវជ្រាវរុស្ស៊ីពិនិត្យមើលរចនាសម្ព័ន្ធនិងដំណើរការរបស់វា៕ ដោយ៖ ធីរីណា
រូបថត ៖ YouTube