ខេត្តកំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មក ពី រោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃសុក្រទី៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសស្វាគមន៍ក្រុមប្រឆាំងគ្រប់និន្នាការនយោបាយទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមកសាងប្រទេសកម្ពុជា ប៉ុន្ដែសម្ដេចមិនទទួលតែទណ្ឌិតក្បត់ជាតិ ៣ ជំនាន់១រូបគត់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជនក្បត់ជាតិ៣ជំនាន់នេះខូចណាស់ សម្តេចធ្លាប់លើកលែងទោសឱ្យជាច្រើនលើករួចមកហើយ ដូច្នេះគ្មានការលើកលែងទៀតទេ ទុកឱ្យបុគ្គលនេះស្លាប់នៅក្រៅប្រទេសទៅចុះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសលើកលែងឱ្យអ្នកទាំងអស់ដែលផ្តាច់ខ្លួនចេញពីបុគ្គលក្បត់ជាតិ៣ជំនាន់រូបនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។ យើងស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយគណបក្សប្រជាជនដើម្បីកសាងប្រទេស។
សម្តេចតេជោ មានប្រសាសន៍ថា, ខ្ញុំមានតែមនុស្សម្នាក់គត់ ដែលខ្ញុំអត់ទទួល គឺអាក្បត់ជាតិ ៣ជំនាន់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានច្រានចោលការបំភ្លៃការពិតរបស់ជនក្បត់ជាតិ ៣ជំនាន់ ដែលថាសម្តេចសម្លាប់ខ្មែរឥស្លាម នៅស្រុកក្រូចឆ្មារ។ ជាមួយគ្នានេះ សម្តេចបានទម្លាយថា បេសកកម្មស្វែងរកលុយរបស់ជនក្បត់ជាតិ ៣ជំនាន់ ទទួលបរាជ័យហើយ។
សូមជម្រាបថា ថ្មីៗនេះ មានអ្នកនយោបាយប្រឆាំងដ៏សកម្មជាច្រើនរូប បានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលរួមមាន លោក យ៉ង សាំងកុមារ លោក ឡឹក សុធារ លោក សាម អ៉ីន លោក សែម ហាក់ លោក យឹម ស៉ីណន លោក ហ៊ុន កុសល លោក សួង សុភ័ណ្ឌ លោក ស៊ូ ណារ៉ូ និងលោក ព្រាប កុល៕
ដោយ ៖ សហការី