ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះជួយអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបុរសពីរនាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធ (បាញ់រះជាច្រើនគ្រាប់ទៅលើជនរងគ្រោះ) នៅក្នុងក្រុងព្រះសីហនុ ផ្អើលទាំងកណ្ដាលអាធ្រាត្រ។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២១និង៤០នាទី នៅចំណុចម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបាញ់រះជាច្រើនគ្រាប់ ទៅលើរថយន្ត ១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6673 រួចរត់គេចខ្លួនបាត់ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅកន្លែងកើតហេតុ ធ្វើការដកហូតបានសំបកគ្រាប់កាទុសចំនួន ០៣គ្រាប់ និងក្រោយការសាកសួរទៅលើជនរងគ្រោះ និងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០០និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឆ្នាំដដែល សមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។
ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ សំបកគ្រាប់កាទុសចំនួន ០៣គ្រាប់ អាវុធខ្លី ១ដើម ម៉ាក K59 មានលេខសម្គាល់ A7007 បង់ ១ មាន ៣គ្រាប់ ស្រោមអាវុធខ្លី ១ និងទូរស័ព្ទ ២គ្រឿង ។
បច្ចុប្បន្នករណីនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តធ្វើការសួរនាំតាមនិតិវិធីជំនាញ៕
ដោយ៖សហការី